សម្តេចតេជោ ប្រាប់ទូតអាមេរិក កុំឲ្យបារម្ភកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅកម្ពុជាឡើយ


ជាថ្មីម្តងទៀតដើម្បីបញ្ជក់ឲ្យកាន់តែច្បាស់កុំឲ្យមានការភាន់ច្រឡំដូចការផ្សព្វផ្សាយទុច្ចរិតមួយចំនួនចង់បំផ្លាញសេចក្តីសុខរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់អាមេរិកកុំឲ្យមានការព្រួយបារម្ភអ្វីទាំងអស់ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក​ William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាចូលជម្រាបលាក្នុងពេលដែលរូបលោកត្រូវបញ្ចប់បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយនឹងត្រូវចាក់ចេញពីកម្ពុជានាចុងខែវិច្ឆិកានេះ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រៅពីការងារជាច្រើនដែលបានលោកមកជជែកនោះ ការបញ្ជាក់ពីជំហរ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាពាក់ព័ន្ធវត្តមានទ័ពបរទេសជាប្រធានបទសំខាន់មួយដែលសម្តេចនាយករដ្ឋមន្ត្រីលើកមកជម្រាបលោកឯកអគ្គរដ្ឋទូតផងដែរ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា «នៅក្នុងជំនួបព្រឹកនេះសម្តេចបានគូសបញ្ជាក់ដែរថា នៅលើទឹកដីកម្ពុជា គឺយើងមិនអនុញ្ញាតឲ្យទ័ពបរទេស មិនថាប្រទេសណានោះទេ មកឈរជើងនៅលើទឹកដីកម្ពុជាឡើយ។ នេះគឺបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហាមដាច់ខាត។ សម្តេចបានគូសបញ្ជាក់លើចំណុចនេះ កុំឲ្យអាមេរិកមានការឆ្ងល់ ឬបារម្ភ»

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្តេចបានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់អនុប្រធានាធិបតីអាមេរិក Mike Pence ដោយរៀបរាប់បង្ហាញពីជំហរ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីអធិបតេយ្យភាព និងការមិនអនុញ្ញាតឲ្យមានមូលដ្ឋាននៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កៅ គឹមហួន។

សូមបញ្ជាក់ថា​ ក្រោយពីការផ្សព្វផ្សាយរបស់ព័ត៌មានបរទេសដែលមានចរិតញុះញង់ និងមានចេតនាអាក្រក់មកលើកម្ពុជារបស់ Asia Time ដោយលើកឡើងថា កម្ពុជាកំពុងផ្តល់មូលដ្ឋានឲ្យកងទ័ពរបស់ចិននោះ សម្តេចតេជោ​ ហ៊ុន សែន ក៏ដូចជាខាងក្រសួងការពារជាតិ និងក្រសួងការបរទេសបានចេញមកច្រានចោលជាការផ្សព្វផ្សាយនេះជាបន្តបន្ទាប់។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញសម្តេចតេជោ ហ៊ុន សែន ក៏បានចេញមកបញ្ជាក់លើបញ្ហានេះផងដែរ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀត នៅកម្ពុជាតាំងពីពេលមុនរហូតមកដល់ពេលនេះ ចាប់តាំងពីឆ្នាំ១៩៨៩ រហូតដល់ពេលនេះ យើងពុំមានកងទ័ពបរទេសនៅកម្ពុជាទេ ពិតហើយកងទ័ពបរទេស ដែលមកចូលក្នុងកម្ពុជានៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ យើងមានតែកងទ័ពរបស់យើងបញ្ជូនចេញទៅក្រៅតែប៉ុណ្ណោះ ឯនៅកម្ពុជាខ្ញុំជឿថា មានកងទ័ពបរទេស ប៉ុន្តែអ្នកទាំងនោះគឺជាអនុព័ន្ធយោធា នៅតាមស្ថានទូតនានាតែប៉ុណ្ណោះ គ្មានកងទ័ពបរទេសសម្រាប់ការប្រយុទ្ធនោះទេ»

សម្តេចតេជោ បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋាន យោធាបរទេស មិនថាជើងទឹក ជើងគោក ឬជើងអាកាស នោះទេ។ យើងទាត់ចោលនូវព័ត៌មានទាំងឡាយដែលបំភ្លៃការពិត»