ជំនួបសំដែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក


នៅថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានទទួលជួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ឯកអគ្គរដ្ឋទូតក្នុងអាណត្តិរបស់ខ្លួន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីគំនិតផ្តួចផ្តើមកំណែទម្រង់ដែលកំពុងដំណើរការរបស់ក្រសួង និងបានកត់សម្គាល់ជាក់លាក់លើការចូលរួមចំណែករបស់ ក្រុមហ៊ុន General Electric និងក្រុមហ៊ុនអាមេរិកដទៃទៀតក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តម William A. Heidt បានសម្តែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឱកាស និងការគាំទ្រដែលអាចជួយឲ្យឯកឧត្តបានបំពេញការងាររបស់ខ្លួនជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវឆន្ទៈបន្ថែមទៀតក្នុងការបន្តលើកកម្ពស់និងគាំទ្រដល់ការវិនិយោគរបស់អាមេរិកបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាលើវិស័យភ័ស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរសូមអោយឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងមុខតំណែងនាពេលអនាគតរបស់ខ្លួន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងមិត្តភាពជាមួយប្រជាជនកម្ពុជា។