សម្ដេចតេជោទទួលជួបក្រុមហ៊ុនសាជីវកម្មអមតៈ


បាងកក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦–បេសកជនពិសេសរបស់ទូរទស្សន៍ជាតិបានឱ្យដឹងថា ក្នុងឱកាស ស្នាក់អាស្រ័យនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វីក្រុម ក្រូម៉ាឌិត( Vikrom Kromadit) ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ចូលជួបសម្តែងការគួរ សមនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។
លោក វីក្រុម ក្រូម៉ាឌិត មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបាន អនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម។ លោកប្រធានមានប្រសាសន៍បន្តថា កម្ពុជានឹងមានអនាគត ដ៏ល្អព្រោះថា កម្ពុជាជាប្រទេសស្ថិតនៅចំណុចកណ្តាលគេ ពិសេសរវាងថៃនិងវៀតណាម ដែលមាន សក្តានុពល ខ្ពស់បំផុត។ លោក វីក្រុម ក្រូម៉ាឌិត មានប្រសាសន៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែរថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសថៃ វៀតណាម និងនៅ ប្រទេសមីយ៉ាន់ម៉ា និងកំពុងសិក្សាបើកតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសន្ទនាគ្នានោះ លោកប្រធានក្រុមហ៊ុនសុំការណែនាំពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេស កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា រក្សាកំណើនសេដ្ឋកិច្ច ជាមធ្យម៧ភាគរយក្នុង១ឆ្នាំ តាមរយៈនេះរាជរដ្ឋាភិបាលចង់ឃើញអ្នកវិនិយោគបន្ថែមទៀត មកបណ្តាក់ទុន វិនិយោគនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល កំពុងតែខិតខំ ធ្វើយ៉ាងណាឱ្យតម្លៃអគ្គិសនីមានការធ្លាក់ចុះ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការបណ្តាក់ទុនវិនិយោគរបស់ផ្នែកឯកជននៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះគោល បំណងនៃការបង្កើតតំបន់សេដ្ឋកិច្ចនៅកម្ពុជា និងបានសន្យាថានឹងអញ្ជើញទៅចូលរួមក្នុងពិធីបើក តំបន់សេដ្ឋកិច្ច ពិសេសរបស់ក្រុមហ៊ុនសាជីវកម្មអមតៈ ក្នុងប្រទេសកម្ពុជា៕

samdec-hun-sen-10-10-2016-1

samdec-hun-sen-10-10-2016-2

samdec-hun-sen-10-10-2016-4

samdec-hun-sen-10-10-2016-3