នៅព្រឹកថ្ងៃចន្ទ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មការ និងអនុគណៈកម្មការចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ ដើម្បីត្រួតពិនិត្យការងារដែលសម្រេចបាន និងដាក់ទិសដៅអនុវត្តបន្តសម្រាប់ឆ្ពោះទៅភាពជោគជ័យនៃពិធីសម្ពោធ វិមានឈ្នះ ឈ្នះ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ជាមួយនឹងការឯកភាព និងផ្តល់គោលគំនិតបន្ថែមសម្រាប់អនុវត្តការងារបន្ត លោកជំទាវ ឃួន សុដារី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិកគណៈកម្មការទាំងអស់ ដែលបានបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន ឆ្ពោះទៅពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាពនៅកម្ពុជា។
វិមានឈ្នះ ឈ្នះ ជានិមិត្តរូបនៃភាពជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវរលំរលាយទាំងស្រុង ធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ មានការឯកភាពជាតិនិងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩៨។ វិមាននេះ សាងសង់ឡើងដើម្បីចារឹក តម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលដ៏មហាសាល ទុកជាការចងចាំ និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ៕