ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តមសុខ គាង បានដឹកនាំក្រុមការងារក្រសួងបរិស្ថានកម្ពុជា ធ្វើទស្សនកិច្ចនៅរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ Mosvodokanal JSC


នៅរសៀលថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តមសុខ គាង បានដឹកនាំក្រុមការងារក្រសួងបរិស្ថានកម្ពុជា ធ្វើទស្សនកិច្ចនៅរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ Mosvodokanal JSC ដែលកំពុងដំណើការប្រព្រឹត្តកម្មទឹកកខ្វក់ចេញពីទីក្រុងម៉ូស្គូនិងតំបន់ជុំវិញ និងផលិតទឹកស្អាតជូនប្រជាពលរដ្ឋនៅជាយទីក្រុងម៉ូស្គូ។
គណៈប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំរោងចក្រ និងសហការី។ ក្រុមការងារបានពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកគាំពារបរិស្ថាន ដែលកម្ពុជា និងរុស្សី កំពុងត្រៀមរៀបចំតាមរយៈក្រុមការងារបច្ចេកទេស ដើម្បីកសាងផែនការសហប្រប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរ។ បង្កើតឡើងនៅឆ្នាំ១៩៦៣ នៅលើផ្ទៃដី ៩០ ហិកតា រោងចក្រប្រព្រឹត្តកម្មទឹកក្រខ្វក់ Mosvodokanal JSC មានលទ្ធភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ចេញពីទីក្រុងម៉ូស្គូ និងតំបន់ជុំវិញចំនួន ៣លានម៉ែត្រគីប ក្នុង១ថ្ងៃ តាមប្រព័ន្ធចម្រោះពីរប្រភេទ គឺបែបជីវសាស្រ្ត និងមេកានិក។ រោងចក្រមានម៉ាស៊ីនចម្រោះទឹកកខ្វក់ តាមដំណាក់កាល និងតាមបទដ្ឋានបច្ចេកទេស ដោយមានអាងស្តុក និង ម៉ាស៊ីនចំរាញ់ជាច្រើនកន្លែង ដែលបំពេញមុខងារសំខាន់ៗ តាមបទដ្ឋានបរិស្ថានត្រឹមត្រូវ ដូចជាការសំអាតកាកសំណល់ ការដកចេញសំរាម ថង់ប្លាស្ទិក កំទេចក្រណាត់ ឈើ និងដីខ្សាច់ រួចបន្សុទ្ធជាទឹកស្អាតសម្រាប់ប្រើប្រាស់ និងមួយចំនួនទម្លាក់ចូលទៅក្នុងទន្លេវិញ។ លើសពីនេះ កាកសំណល់រឹងប្រមាណ២០តោន និងដីខ្សាច់ចំនួន៣០តោន ក្នុង១ថ្ងៃ ត្រូវបានដកចេញពីទឹកកខ្វក់ ព្រមទាំងត្រូវបានបញ្ជូនទៅទីលានទុកដាក់សំរាម និងដឹកចេញទៅតាមការដ្ឋានសំណង់ផ្សេងៗ។ ចំពោះដីភក់ដែលនៅសេសសល់ពីការញែកចេញពីទឹកកខ្វក់ រោងបានធ្វើការសំងួត និងកែច្នៃសម្រាប់ប្រើប្រាស់ជាប្រភពថាមពលអគ្គិសនីដំណើចង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ។ រោងចក្រ Mosvodokanal JSC បានផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅទីក្រុងម៉ូស្គូចំនួន ជាង៦លានម៉ែត្រគូប ក្នុង១ថ្ងៃ ផងដែរ។
សូមបញ្ជាក់ថា នេះជាទស្សនកិច្ចសិក្សាស្វែងយល់ពីការងារគាំពារបរិស្ថាន មុននឹងកិច្ចប្រជុំលើកទី១ នៃក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថានរបស់ប្រទេសទាំង២ ដែលរៀបចំដោយក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃសហព័ន្ធរុស្សី និងក្រសួងបរិស្ថានកម្ពុជា៕