អភិបាលខេត្ត ចុះអន្តរាគមន៍បូមទឹកចូលស្រែដែលរងផលប៉ះពាល់ដោយសារខ្វះទឹក ប្រមាណ១ពាន់ហិកតា នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍ដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំង​ប្រមាណ១២០០ហិកតា ស្ថិតនៅភូមិព្រៃព្រះ ភូមិចុងព្រៃ ភូមិត្នោត និងភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជួបគ្រោះរាំងស្ងួត។

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ និងក្រុមការងារ គ្រោងដាក់ម៉ាស៊ីនបូមទឹកធុនធំ ចំនួន០៦​គ្រឿង ដើម្បីបូមទឹកស្ទឹងសែន ដាក់តាមបឹង និងប្រឡាយដែលអាចឱ្យប្រជាពលរដ្ឋបូម បន្តទៅជួយសង្គ្រោះ​ស្រូវប្រាំងដែលកំពុងតែជួបបញ្ហាខ្វះទឹក។

ឯកឧត្តម សុខ លូ បានលើកឡើងថា ម៉ាស៊ីនធុនធំ​ចំនួន២គ្រឿង របស់ក្រសួងធនធានទឹក និងឧតុនិយម និងម៉ាស៊ីនមួយគ្រឿងទៀត ដែលជាការ ជួយឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងបូមទឹកដាក់ទៅតាមបឹងប្រឡាយមេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបូមបន្តសម្រាប់យក ទៅប្រើប្រាស់ តែនៅមិនទាន់គ្រប់គ្រាន់​នៅឡើយអភិបាលខេត្តបានឱ្យមន្ទីរធនធានទឹកបន្ថែម​ម៉ាស៊ីនធន់ធំ ចំនួនបីគ្រឿងបន្ថែមទៀត ដើម្បីពន្លឿនការបូមទឹកសង្គ្រោះស្រូវប្រាំង​ឱ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ប្រភពទឹកដែលសំខាន់សម្រាប់កសិករនៅតំបន់នេះ គឺទឹកស្ទឹងសែន ប៉ុន្តែវានៅឆ្ងាយបន្តិចហើយម្យ៉ាងវិញទៀត ដោយសារទឹកស្ទឹងសែន​ឆ្នាំនេះ តូចពេកមិនហៀរ​ទៅដល់បឹងបួរផ្សេងៗផងនោះ ធ្វើឱ្យប្រភពទឹកដែលជាតម្រូវការប្រើប្រាស់លើការងារ ស្រែចម្ការ មិនគ្រប់គ្រាន់ដូចឆ្នាំមុនៗនោះទេ។ ដូច្នេះដំណោះស្រាយដំបូង គឺបូមទឹកស្ទឹងសែន ដាក់ចូលប្រភពប្រឡាយទឹកផ្សេងៗ ដើម្បីឱ្យកសិករបូមបន្តទៅកាន់ស្រែរៀងៗខ្លួន។

ប្រជាកសិករបានសំដែងនូវភាពរីករាយដែលបានអាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ក្នុងការជួយស្រោចស្រព ស្រូវរបស់ពួកគាត់ ឱ្យបានទាន់ពេលវេលាព្រោះ ថាស្រូវរបស់គាត់ទើបតែដាក់ទឹកលើកទីមួយ ហើយស្រូវរបស់គាត់នឹងបន្តដាក់ទឹកនៅលើកទីពីរ ឬលើកទីបីទៀត។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ក៏ដូចជាសម្ដេចតេជោ​ហ៊ុន សែន ដែលបានជួយចុះ ជួយសង្គ្រោះដល់ស្រូវពួកគាត់ដែលខ្វះខាតទឹកបានទាន់ពេលវេលា ហើយពួកគាត់នឹងប្រើប្រាស់ទឹកនេះមិនឱ្យខ្ជះខ្ជាយ និងមិនធ្វើឱ្យថ្នាក់ដឹកនាំមានការខកចិត្តនោះទេ។ ប្រជាពលរដ្ឋទាំងអស់សូមគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀត៕