នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអនុញ្ញាតឱ្យលោកស្រី Jenny Hyeon Kim អគ្គនាយករងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI ជួបពិភាក្សាការងារនៅទីស្តីការក្រសួងបរិស្ថាន។ លោកស្រី Jenny Hyeon Kim បានលើកឡើងពីកិច្ចសហការល្អក្នុងការអនុវត្តការងារកន្លងមក លើការរៀបចំគោលនយោបាយទាក់ទង នឹងការរៀបចំទីក្រុងនិរន្តរភាព និងការបញ្ជ្រាបទស្សនទានអភិវឌ្ឍន៍បៃតងទៅក្នុងការរៀបចំគោលនយោបាយ។ លោកស្រីបានមានប្រសាសន៍បន្ថែមថា តាមរយៈការធ្វើឱ្យមានភាពបៃតងកាន់តែប្រសើរឡើងក្នុងវិស័យឧស្សាកម្មនាពេលអនាគត សម្រាប់កម្ពុជាមានឱកាសល្អសម្រាប់ការបង្កើតការងារបៃតងចំនួនប្រមាណ ៥០ម៉ឺនកន្លែងបន្ថែម សម្រាប់វិស័យមួយចំនួនដូចជា វាយនភណ្ឌ ចំណីអាហារ សំភារៈសំណង់ និងគ្រឿងអេឡិចត្រូនិច។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងក្រសួងបរិស្ថាន ជាមួយវិទ្យាស្ថាន GGGI ក្នុងកិច្ចសហការរួមគ្នាធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រកបដោយចីរភាព ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងបរិបថកម្ពុជា និងកាតព្វកិច្ចជាសកលក្នុងក្របខណ្ឌការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានលើកទឹកចិត្តដល់វិទ្យាស្ថាន GGGI បន្តកិច្ចសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដោយផ្តោតលើរៀបចំទីក្រុងនិរន្តរភាពគំរូមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលស្អាត ការរៀបចំរចនាបថទីក្រុង ការគ្រប់គ្រងសំណល់រឹង-រាវដែលមានលក្ខណៈគំរូ សម្រាប់ជាការអនុវត្តនៅក្រុងផ្សេងទៀតនៅទូទាំងប្រទេស និងការងារកៀរគរធនធានពីប្រភពនានា ដូចជា មូលនិធិអាកាសធាតុបៃតង និងធនាគារពាណិជ្ជជាដើម ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីបើកទូលាយដល់ការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។