ឯកឧត្តម ថោ ជេដ្ឋា បានចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា


ព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និង លោក អ៊ុក វណ្ណា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមស្ថានភាពជាក់ស្តែងឃើញថាថា កម្រិតកម្ពស់ទឹកបានស្រកទៅវិញជាធម្មតា ដែលទឹកហូរលើសំណង់បង្ហៀរមានកម្រិត ០,០១ ម៉ែត្រ ចំណែកទឹកក្នុងអាង និងទឹកតាមពោះស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមមានសភាពធម្មតា ដែលជាកម្រិតមិនគួរឲ្យព្រួយបារម្មណ៍នោះឡើយ ។ ក្រុមការងារប្រចាំការនៅទំនប់ ៧មករា បានជម្រាបឲ្យដឹងថា ក្រុមការងារបានជូនដំណឹងឲ្យក្រុមហ៊ុន ចិនដែលឈូសឆាយធ្វើស្ពានពីខាងក្រោយស្ពានសំណង់បង្ហៀរទំនប់ ៧មករា ដើម្បីស្ថាបនាផ្លូវជាតិលេខ៣ ផ្អាកគ្រឿងចក្រដែលធ្វើការឈូសឆាយជាបន្ទាន់ ហើយមកទល់បច្ចុប្បន្នក្រុមហ៊ុនចិនដែលធ្វើការឈូសឆាយបានផ្អាកលែងដំណើរការគ្រឿងចក្រចាប់តាំងពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។