រដ្ឋបាលខេត្តបាត់ដំបងប្រារព្វ “ទិវាអនាម័យបរិស្ថានជាតិ២៣ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ” រួមគ្នាដើម្បីបរិស្ថានស្អាត


ព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ រដ្ឋបាលខេត្តបាត់ដំបងប្រារព្វ” ទិវាអនាម័យបរិស្ថានជាតិ២៣ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ” រួមគ្នាដើម្បីបរិស្ថានស្អាត នៅសួននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង។

កម្មវិធីនេះមានកិច្ចសហការរៀបចំដោយមន្ទីរបរិស្ថានខេត្ត និងមានការចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរដែនដី សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។

ការរៀបចំពិធីនេះឡើងមានគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន ធ្វើឲ្យបរិស្ថានស្អាត គ្មានសំរាមពាសវាសវាលពាសកាល បណ្តុះគំនិតស្មារតី ឲ្យមហាជនទូទៅមានការយល់ដឹងនិងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ពិសេសស្របពេល ដែលរដ្ឋបាលខេត្តបាត់ដំបងបាននឹងកំពុងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែលម្អសោភ័ណភាពនៅទីរួមខេត្តនិងគ្រប់ទីកន្លែង។