នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកវ៉ារិន និង ស្រុកអង្គរជុំ ចំនួន៧៦៩ នាក់ ស្រ្តី ២៤៨នាក់ ។
វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លង ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។
ក្នុងវេទិកានេះដែរ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណួរ សំណូមពរ និងមានចម្លើយ ដែលសមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅ តាមមូលដ្ឋាន ដោយផ្តោតទៅលើ បញ្ហាដីធ្លី ប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លី , អគ្គិសនី , ការងារអប់រំ និង សាសនា ។ ក្នុងនោះក៏មានលើក នូវសំណួរ និង សំណូមពរ របស់សមាជិកអង្គវេទិកាជាលាយល័ក្ខអក្សរដាក់ប្រអប់បានលើកឡើង ពាក់ព័ន្ធទៅនឹងការងារសេដ្ឋកិច្ច ,សង្គមកិច្ច, ការងារគ្រប់គ្រងដីធ្លី និង បរិស្ថាន ព្រមទាំងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ រួមមាន៤៥ សំណួរនិងសំណូមពរ ។
បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធទៅនឹងរាល់សំណួរដែលអង្គវេទិកាលើកឡើងទាំង២១សំណួរ និងសំណូមពររួចមក មានមតិបូកសរុបនិងបិទអង្គវេទិកានោះ ឯកឧត្តម អ៊ឹង ហឿន ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ដែលបានធ្វើឲ្យយើង បានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តម អ៊ឹង ហឿន គូសបញ្ជាក់ថា នេះជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃសំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ នៅតាមសហគមមូលដ្ឋានរបស់យើង ។ ព្រឹត្តិការណ៏នាថ្ងៃនេះ វាក៏ជាយន្តការមួយក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។
ឯកឧត្តម អ៊ឹង ហឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយ បំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែល អង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជា លាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕