ដំណាំស្រូវប្រាំង របស់កសិករប្រមាណ ៨០០ ហិកតា បានជួបការខ្វះខាតទឹក


ដំណាំស្រូវប្រាំង (ស្រូវប្រដេញទឹក) របស់កសិករ ប្រមាណ ៨០០ ហិកតា ស្ថិតនៅតាមដងស្ទឹងកំបុត ក្នុងភូមិសាស្ត្រឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួបការខ្វះខាតទឹក ខណៈស្ទឹងមួយនេះមានសភាពគោករាក់ខ្លាំង ។ សូមបញ្ជាក់ផងដែរថា ស្ទឹងកំបុត គឺជាស្ទឹងមួយដែលទទួលរបបទឹកពីស្ទឹងសែន ប៉ុន្តែដោយសារឆ្នាំនេះ ទឹកស្ទឹងសែនមានកម្ពស់ទាបពេក ធ្វើឲ្យទឹកមិនអាចចូលដូចបណ្តាឆ្នាំកន្លងបានទេ ។ ពិនិត្យឃើញបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗជូនបងប្អូនប្រជាកសិករ ដោយធ្វើការកាយប្រឡាយ ០១ ខ្សែ ប្រវែងប្រមាណ ១.១០០ ម និងដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមបញ្ជូនទឹកពីស្ទឹងសែនតាមប្រឡាយដែលកាយរួចនោះ ទៅកាន់ស្ទឹងកំបុត ។ មកដល់ពេលនេះ ទឹកបានចូលដល់ស្ទឹងកំបុតជាបណ្តើរៗហើយ ប្រជាកសិករក៏កំពុងបូមបន្តពីស្ទឹងបញ្ចូលស្រែរៀងៗខ្លួនផងដែរ ។