កំពង់ធំ៖ ក្រុមប្រឹក្សាជាតិនៃកាយរឹទ្ធិជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៣ ដើម្បីបូកសរុបលទ្ធផលការងារកាយរឹទ្ធដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ព្រមទាំងអនុម័តលើគោលនយោបាយសំខាន់ៗ នៃកាយរឹទ្ធិជាតិកម្ពុជា ដើម្បីមានលទ្ធភាពអនុវត្តការងារជាបន្ត ឆ្លើយតបទៅនឹងគោលការណ៍អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅក្នុងខេត្តកំពង់ធំ។ សូមជម្រាបថា ទន្ទឹមនឹងកិច្ចប្រជុំនេះ ក៏មានការបោះជំរុំជាតិលើកទី៣ ដោយមានការចូលរួមពីសំណាក់កាយរឹទ្ធិពីបណ្តាខេត្តដទៃមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ផ្តាំផ្ញើដល់យុវជនកម្ពុជា ត្រូវចេះទទួលខុសត្រូវ មានការប្តេជ្ញាចិត្តខ្ពស់ ធ្វើខ្លួនជាពលរដ្ឋអន្តរជាតិ ចេះសហការជាមួយយុវជននៃប្រទេសដទៃទៀត ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្លាយជាធនធានដ៏ល្អ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសកម្ពុជា៕