សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសជាមិត្ត និងដៃគូអន្តរជាតិបន្តជួយគាំទ្ររមណីយដ្ឋានអង្គរទាំងហិរញ្ញវត្ថុ និងធនធានមនុស្ស


សៀមរាប)៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសជាមិត្ត និងដៃគូសហប្រតិបត្តិការអន្តរជាតិ បន្តជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្សបន្តទៀត។

សម្ដេចបានបន្តថា ក្រសួង-ស្ថាប័នជាតិដែលពាក់ព័ន្ធ រួមទាំងប្រជាជនកម្ពុជាទាំងអស់ ត្រូវតែចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការការពារបេតិកភណ្ឌមនុស្សជាតិ និងរមណីយដ្ឋានអង្គរ ពោលគឺដើម្បីអង្គរទាំងអស់គ្នា។

សម្តេចក៏បានសង្កត់ធ្ងន់ថា នាសតវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាអភ័ព្វណាស់ តាមរយៈការគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ កត្តាសង្គ្រាម និងកត្តានយោបាយ កម្ពុជាបានទទួលរងនូវទណ្ឌកម្មទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ធ្វើឱ្យប្រទេសរងនូវការបំផ្លាញគ្រប់បែបយ៉ាង សូម្បីតែប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ដែលចំណុចនេះសម្តេចស្នើដល់ពិភពលោកគួរធ្វើការដកពិសោធន៍ ហើយមិនគួរទុកឱ្យបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ទាំងនៅកម្ពុជា និងនៅបណ្តាប្រទេសនានា នៅពាក់ព័ន្ធនឹងទណ្ឌកម្មនយោបាយឡើយ។

សម្តេចបានថ្លែងថា វាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់អាជ្ញាធរជាតិអប្សរា ដូច្នេះសូមអ្នកនយោបាយកុំធ្វើការញុះញង់ដោយប្រការណាមួយ ក្នុងន័យជំរុញប្រជាពលរដ្ឋឱ្យចូលទៅកាន់កាប់ ឬរស់នៅដោយគ្មានការអនុញ្ញាតក្នុងតំបន់បេតិកភណ្ឌនារដូវបោះឆ្នោត ដោយរួមទាំងតំបន់បេតិកភណ្ឌដែលចុះបញ្ជី និងមិនទាន់បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះការថែរក្សាតំបន់បេតិកភណ្ឌជាភារកិច្ចរបស់ខ្មែរគ្រប់រូប គ្រប់ជាន់ថ្នាក់។

ទន្ទឹមគ្នានេះ សម្តេចក៏បានរំឭកពីកិច្ចខិតខំប្រឹងប្រែងក្នុងការពារ និងបញ្ជៀសបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់បុរាណដ្ឋានក្នុងប្រទេសជាមួយអង្គព្រះមហាក្សត្រ ព្រះបរមតនកោដ្ឋ ពិសេសទាំងការបង្កើតច្បាប់ការពារបេតិកភណ្ឌ ការដោះដូរដីធ្លី និងផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋចេញពីតំបន់មុខប្រាសាទអង្គរវត្ត នាដើមទសវត្សទី១៩៩០។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតឱ្យមានកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ពិសេសថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូ បណ្តាដៃគូសហប្រតិបត្តិការអន្តរជាតិផ្នែកអភិរក្ស អាជ្ញាធរជាតិអប្សរា ស្ថាប័នពាក់ព័ន្ធដែលបានធ្វើឱ្យអាយស៊ីស៊ី-អង្គរ ក្លាយជាស្ថាប័នគំរូសម្រាប់ជាតិនិងអន្តរជាតិ ជួយអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងច្រើនក្នុងការថែរក្សាអង្គរ៕