សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងវៀងច័ន្ទ ទេសឡាវប្រកបដោយសុវត្ថិភាព​ និងចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការ


នៅវេលាម៉ោង៩.៣០នាទី​ព្រឹកថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តាមជើងយន្ត​ហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លវវការរយៈពេល២ថ្ងៃ (៥-៦ ធ្នូ ២០១៨)។

ការអញ្ជើញដល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម​សាស្រ្តា​ចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា(Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួង ព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចេង ម៉ា​និត ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុ​ជា ប្រចាំសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់​ខ្ពស់ របស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប។

ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕