សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម គ្រីស្ទានរ៉េរ៉េន បាហ្គេតតូ ( Christian Rehren Bargetto ) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឈីលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម


ល្ងាចថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម គ្រីស្ទានរ៉េរ៉េន បាហ្គេតតូ ( Christian Rehren Bargetto ) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឈីលី ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក) ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចភក្តី បានថ្លែងស្វាគមន៍ និង អបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ឈីលី ប្រចាំនៅកម្ពុជា។
សម្តេច សំដែងនូវជំនឿជឿជាក់ថា បេសកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ពិតជានឹងបានរួមចំណែកក្នុងការពង្រឹង និងពង្រីក នូវចំណងមិត្តភាព កិច្ចសហប្រតិបិត្តការរវាងប្រទេស និងប្រជាជនយើងទាំង២ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សម្តេច មានសេចក្តីរីករាយ ដោយបានឃើញចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ រវាងកម្ពុជា ឈីលី មានការវិវត្តរីកចំរើន និងមានការជួយគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។
កម្ពុជាបច្ចុប្បន្ននេះ មានសក្តានុពលសេដ្ឋកិច្ចជាច្រើន ដែលបំរើឲ្យការវិនិយោគ ក្នុងនោះក៏មាន វិស័យទេសចរ មួយផងដែរ ហើយប្រជាជន ឈីលី កន្លងមក ក៏បានមកទស្សនាកម្ពុជាជាហូរហែរអាស្រ័យហេតុនេះ សូមឯកឧត្តម ជួយជំរុញអ្នកទេសចរ ឈីលី មកកាន់កម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
ព្រឹទ្ធសភាកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយសភាជាន់ខ្ពស់ឈីលី ហើយព្រឹទ្ធសភាកម្ពុជា ក៏ដូចខ្លួនសម្តេចផ្ទាល់ ក៏បានត្រៀមជាស្រេចក្នុងការធ្វើកិច្ចសហការល្អ និងជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូត ឈីលី។
មុនបញ្ជប់ សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីគោរព និងស្និទ្ធស្នាលជាទីបំផុត ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ឈីលី និងសូមប្រសិទ្ធពរជូន ឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបាននូវជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា៕