ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងជម្រុញធ្វើការអនុវត្តអនុគម្រោង ADB ប្រព័ន្ធធារាសាស្រ្ត អូរត្រជាក់ចិត្ត ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលគម្រោងនេះ នឹងចាប់ផ្តើមអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ ។ អនុគម្រោង ADB ប្រព័ន្ធធារាសាស្រ្ត អូរត្រជាក់ចិត្ត នឹងអនុវត្តលើការងារដូចតទៅ ៖
១- សាងសង់ និងធ្វើទំនើបកម្មលើប្រព័ន្ធប្រឡាយប្រវែង ២៤ គម ។
២- ជួស់ជុលទំនប់អាងទឹកអូរត្រជាក់ចិត្តប្រវែង ៧ គម ។
៣- បំពាក់ទំនប់បង្ហៀប្រវែង ១២០ ម ចំនួន ១ កន្លែង។
៤- បំពាក់ទ្វារទឹកប្រភេទ Regulator ខ្នាតធំៗ ចំនួន ០២ កន្លែង ។
៥- បំពាក់សំណង់សិល្បការធំតូច ចំនួន ១៣៨ កន្លែង។
៦- ធ្វើការតភ្ជាប់ប្រតិបត្តិការរួមរវាងអាងទឹកបាសាក់ និងអាងទឹកអូរត្រជាក់ចិត្ត (Join Reservoir Operations, JOROP)។
៧- ធ្វើការរៀបចំគណៈកម្មាធិការក្រុមកសិករប្រើប្រាស់ទឹកក្រោមឆត្រ សកបទ នៃប្រព័ន្ធធារាសាស្ត្រ ព្រែកជីក របស់ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ០១ ។
៨- សាងសង់ទីស្នាក់ការ សកបទ ប្រព័ន្ធធារាសាស្ត្រ អូរត្រជាក់ចិត្ត ចំនួន ០១ កន្លែង ។
កិច្ចខំប្រឹងប្រែងទាំងអស់នេះគឺអនុវត្តទៅតាមបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលលោកបានបញ្ជាដោយយកចិត្តទុកដាក់បំផុត ដោយធ្វើយ៉ាងណា ធានាការអូសទឹកពីតំបន់អូរត្រជាក់ចិត្ត មកជួយក្នុងតំបន់អូរត្រជាក់ចិត្តបានមួយចំនួន និងមួយចំនួនទៀតយកមកជួយនៅផ្នែកខាងលើស្រុកមោងឬស្សី ។ ក្នុងថ្ងៃដដែលនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអញ្ជើញចុះពិនិត្យតំបន់ស្រែស្រូវរបស់ស្រុករុក្ខគីរី ដែលពុំទាន់មានប្រព័ន្ធធារាសាស្រ្តទៅដល់ ។