ក្រុងម៉ាក្កះ: ឆ្លៀតក្នុងកំឡុងពេលសន្និសីទអន្តរជាតិនៅទីក្រុងម៉ាក្កះនេះផងដែរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មម្មពិសេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម យូសូហ្វ អាល់អូស្សៃមិន អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម OIC ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ទាប់ពីបានជម្រាបពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា លោកបានពិភាក្សា និង ស្នើទៅ OIC សម្របសម្រួល នូវការសម្រេចបានការដាក់បញ្ចូលកម្ពុជា ទៅជាសមាជិកសង្កេតការណ៍របស់អង្គការនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលនឹងត្រូវធ្វើឡើងនៅ ថ្ងៃទី ២-៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
អគ្គលេខាធិការអង្គការ OIC បានជម្រាបពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះ ក្នុងភាពជាសមាជិកសង្កេតការណ៍។ ក្នុងករណីនេះ លោកនឹងដើរតួនាទី ក្នុងការសម្របសម្រួលអោយបញ្ចូលប្រធានបទនេះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១៩នេះ ព្រមទាំងនៅតែរក្សាជានិច្ចនូវគោលជំហរគាំទ្រ បេក្ខភាពកម្ពុជា ។
គួរបញ្ជាក់ថា OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ ដែលមានសមាជិកជាប្រទេសឥស្លាម ៥៧ប្រទេស៕