ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអនុញ្ញាតឲ្យលោក Grahame Dixie នាយកអង្គការ GrowAsia និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអនុញ្ញាតឲ្យលោក Grahame Dixie នាយកអង្គការ GrowAsia និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងភាពជាដៃគូជាមួយកម្ពុជាសម្រាប់និរន្តរភាពនៃវិស័យកសិកម្ម (The Cambodian Partnership for Sustanable Agriculture, CPSA)។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបាបជម្រាបជូនភ្ញៀវពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ដោយឡែកវិស័យកសិកម្មក៏បាននិងកំពុងមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន: ជាក់ស្តែងបច្ចុប្បន្នកម្ពុជាផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាវិនិយោគលើវិស័យកែច្នៃដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថេរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។ ក្រៅពីនេះ ក្រសួងកំពុងជំរុញបន្ថែមទៀតដល់សហគមន៍ កសិករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះជាមួយវិស័យឯកជនតាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យាដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ ទីផ្សារ និងស្ថេរភាពតម្លៃ។ នេះជាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក តាមរយៈការលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជាពិសេសគោលនយោបាយនេះនឹងចូលរួមចំណែកសម្រេចបានតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ក្នុងឱកាសនេះ លោក Grahame Dixie ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាទស្សនរបស់អង្គការ GrowAsia គឺមានប្រាថ្នាចង់ធ្វើសកម្មភាពឆ្លើយទៅនឹងផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយវលើសពីនេះទៀតគឺចង់ធ្វើការគៀងគរពីគ្រប់ភាគីពាក់ព័ន្ធមកចូលរួម គាំទ្រ និងសហការគ្នាអភិវឌ្ឍន៍វិស័យមួយនេះឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍន៍នេះចាំបាច់ត្រូវការប្រើប្រាស់យន្តការនៃការនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជថលកសិកម្មទំនើប ទាន់សម័យសមស្របតាមតម្រូវការចាំបាច់របស់អ្នកផលិត ស្របតាមលក្ខណៈភូមិសាស្រ្ត និងបរិបទនៃការប្រែប្រួលអាកាសធាតុ ជាពិសេសសមស្របតាមតម្រូវការទីផ្សារ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យអង្គការធ្វើការរៀបចំផែនការសកម្មភាពក្នុងជួយដល់វិស័យកសិកម្មកម្ពុជា រួមទាំង ការបណ្តុះបណ្តាលបច្ចេកទេស ការធ្វើកសិកម្មតាមកិច្ចសន្យា ការកែច្នៃ វេចខ្ចប់ធានាបាននូវគុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ។ ទន្ទឹមនឹងនេះ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួង និងអង្គការអនុវត្តន៍បានប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងអនុស្សរណនៃការយោគយល់គ្នា ដែលនឹងឈានទៅចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ។