រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើគម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំជាមួយគណៈប្រតិភូនៃភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិប្រទេសចិន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Deng Boqing ប្រធានប្រតិភូ និងជាអនុប្រធានភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិប្រទេសចិន (CIDCA) នាព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងប្រតិភូនៃភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិនផងដែរ។
សូមជម្រាបថា កន្លងមករដ្ឋាភិបាលចិន តំណាងដោយក្រសួងពាណិជ្ជកម្មបានផ្តល់ថវិកាឥតសំណងដើម្បីអនុវត្តគម្រោងជំហានទី១ដែលចំណាយអស់ប្រាក់ប្រមាណជាង២០លានដុល្លារអាមេរិក ក្នុងការជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃវិទ្យាល័យចំនួន២៦ ក្នុងខេត្តចំនួន៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្តជួយដល់កម្ពុជាតាមសំណើបីចំណុចរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនោះមានដូចជាជួយកសាងអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា អន្តេវាសិកដ្ឋាននៅវិទ្យាស្ថានជាតិអប់រំ ព្រមទាំងជួយកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន និងមាតិកាអប់រំ៕