សន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា


នៅថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ដោយឡែក ពិធីនេះបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។

ថ្នាក់ដឹកនាំ និងក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមសហការធ្វើជាវាគ្មិន និងអ្នកសម្របសម្រួល ក្នុងសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពផ្លូវគោកនៅកម្ពុជា ក្រោមប្រធាន «ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលទទួលបានការចូលរួមពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ហើយក៏មានការរៀបចំជាស្តង់ពិពណ៌ឯកសារសុវត្ថិភាពចរាចរណ៍ រួមទាំងមានកម្មវិធីសួរ និងឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាពដល់អ្នកដែលបានចូលរួមផងដែរ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ដែលជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា អ្នកជំនាញឯកទេសលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បណ្តាដៃគូសហការ មន្ត្រីរាជការ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សិស្ស និស្សិតជាច្រើនផងដែរ។

សន្និសីទនេះ មានគោលបំណងបង្កើតឱកាសសម្រាប់ការជួបជុំគ្នានៃអ្នកកសាង និងអនុវត្តគោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកតស៊ូមតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ សិល្បករ អង្គការសង្គមស៊ីវិល បណ្តាញអង្គការ និងយុវជន សិស្ស និស្សិត អាចផ្លាស់ប្តូរចំណេះដឹង ព្រមទាំងព័ត៌មាន និងបទពិសោធន៍ ពិភាក្សារកយុទ្ធសាស្ត្រ ដើម្បីយកទៅអនុវត្តជាសកម្មភាពជាក់ស្តែងក្នុងការកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយនិងរួមចំណែកពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅសង្គ្រោះជីវិត គាំទ្រដល់គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១១-២០២០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះផងដែរក៏មានកម្មវិធីលេងល្បែងកំសាន្តឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍ បង្កើនចំណេះដឹង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្តល់ជូនមួកសុវត្ថិភាពចំនួន១០០មួក សម្រាប់អ្នកដែលឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍បានត្រឹមត្រូវ។