អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមកពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ


ប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញពិនិត្យមើលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមន៍បេសកកម្មមនុស្សធម៌នៅកម្ពុជា ដែលមកពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន រយៈពេល៣ថ្ងៃ។ ការព្យាបាលនេះធ្វើឡើងនៅក្នុងបរិវេណ វត្តរតនៈសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នាឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមន៍បេសកកម្មមនុស្សធម៌នៅកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់សុខមាលភាពប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះ នៅខេត្តប៉ៃលិន មានការខ្វះខាតនៅផ្នែកបច្ចេកទេស និងសម្ភារៈមិនទាន់ទំនើប សំបូរបែបនៅឡើយ ដូច្នេះនៅពេលនេះបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានមកជួយព្យាបាលដល់ប្រជាពលរដ្ឋ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះលោកក៏បានសំណូមពរ ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារសហការទាំងអស់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន បន្ថែមទៀត។

សូមបញ្ជាក់ថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមន៍បេសកកម្មមនុស្សធម៌នៅកម្ពុជា បានពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ ចំនួន ៤០៥នាក់ ក្នុងនោះ ស្រី ២០៦នាក់ ប្រុស ១៣២នាក់ ក្មេង ៦១នាក់ និងព្រះសង្ឃ ៦អង្គ ៕