លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាស្បៀងអាហារពិភពលោកលើកទី៣៦ ប្រចាំឆ្នាំ២០១៦ លើប្រធានបទ អាកាសធាតុប្រែប្រួល ធ្វើឲ្យស្បៀងនិងកសិកម្មប្រែប្រួល ដែលបានប្រារព្ធនៅវត្តតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៦។ ពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការស្បៀង និង កសិកម្ម នៃសហប្រជាជាតិប្រចាំនៅកម្ពុជា តំណាងកម្មវិធី ស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា រួមជាមួយភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។
នាឱកាសនោះផងដែររលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ប្រធានបទដែលបានប្រារពនាថ្ងៃនេះគឺបានបំផុសនិងបង្កើនការយល់ដឹងដល់មហាជន ជាពិសេស អ្នកបច្ចេកទេស អ្នកផ្សព្វផ្សាយ និងប្រជាកសិករ អំពីហានិភ័យដែលប៉ះពាល់ដល់វិស័យកសិកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការរិះរកវិធានការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកជំទាវក៏បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈនៃការកែទម្រង់លើគ្រប់វិស័យ ជាពិសេស កំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាល ហើយក្នុងនោះផងដែរវិស័យកសិកម្មនៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នប្រជាកសិករយើងបានប្រែប្រួលទម្លាប់ពីការផលិតសម្រាប់បម្រើតម្រូវការផ្ទាល់ខ្លួន មកជាការផលិត ដើម្បីនាំចេញលក់ទៅបរទេស ។ ជាក់ស្តែងនៅមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង គឺប្រជាកសិករបានចងក្រងគ្នាបង្កើតជាសហគមន៍អភិវឌ្ឍកសិកម្ម ផលិតបន្លែសរីរាង្គ ហើយធ្វើការសម្អាតរួចវេចខ្ចប់ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារទំនើបផ្សេងៗនៅរាជធានីភ្នំពេញ។ នេះបង្ហាញឱ្យឃើញថាកសិករយើងបាននិងកំពុងប្រែក្លាយខ្លួនចេញពី កសិករ ទៅជាកសិ-ពាណិជ្ជករ ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់របស់ខ្លួន។