ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអង្គរគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យមនុស្សសាស្រ្ត-សង្គមសាស្ត្រ


រាជធានីភ្នំពេញ៖ ក្នុងគោលដៅលើកកម្ពស់ និងអភិវឌ្ឍការស្រាវជ្រាវ ក្នុងវិស័យមនុស្សសាស្រ្ត-សង្គមសាស្ត្រ គ្រឹះស្ថានឧត្តមសិក្សាចំនួន៣ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពង្រឹងវិស័យមនុស្សសាស្រ្ត-សង្គមសាស្រ្ត។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកអគ្គរដ្ឋទូតសហគមអឺរ៉ុប ព្រមទាំងតំណាងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង អគ្គនាយិកានៃវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេសរបស់បារាំង នារសៀលថ្ងៃ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះ នឹងក្លាយទៅជាគោលការណ៍ សម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តការណ៍មួយដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបង្ហាញពីជំហរឆន្ទៈរបស់ខ្លួនក្នុងការចូលរួមសហប្រតិបត្តិការគ្នា ដែលសបញ្ជាក់ឱ្យឃើញថាមជ្ឍមណ្ឌលនឹងមានដំណើរការល្អក្នុងពេលអនាគត៕