លោកជំទាវ ចាន់ សុម៉ាលី បាន​អញ្ជើញ​ជា​អធិបតី និងដឹកនាំ​ក្នុង​សិក្ខាសាលា​ពិនិត្យ​លើ “របាយការណ៍​ជាតិ​លើក​ទី​៦​ ស្ដីពី​ជីវៈ​ចម្រុះ​”


នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨​ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) បាន​អញ្ជើញ​ជា​អធិបតី និងដឹកនាំ​ក្នុង​សិក្ខាសាលា​ពិនិត្យ​លើ “របាយការណ៍​ជាតិ​លើក​ទី​៦​ ស្ដីពី​ជីវៈ​ចម្រុះ​” នៅ​ភោជនីយដ្ឋានទន្លេបាសាក់​២ រាជធានី​ភ្នំពេញ។​ សិក្ខាសាលា​នេះ​មាន​ការ​ចូល​រួម​ពី​តំណាង​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​បរិស្ថាន ក្រសួង ស្ថាប័ន​ អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​អ្នក​ពាក់ព័ន្ធ​សរុប​ប្រមាណ​១៥០​រូប។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា លោកជំទាវ ចាន់ សុម៉ាលី បាន​រំលឹក​ពី​សារៈសំខាន់​នៃ​ការ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​សហប្រជាជាតិ ស្តីពី​ជីវៈចម្រុះ និង​កាតព្វកិច្ច​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​ភាគី​រដ្ឋ​ហត្ថលេខី​នៃ​អនុសញ្ញា​។

លោកជំទាវ អគ្គលេខាធិការ​រង ក.ជ.អ.ច. មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ របាយការណ៍​ជាតិ​លើក​ទី​៦​ ដែល​យើង​នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​ថ្ងៃ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំង​មូល​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​គោលដៅ​ជីវៈចម្រុះ​ជាតិ គោលដៅ​ជីវៈចម្រុះ​អាឈី និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។ ព័ត៌មាន​ដែល​ទទួល​បាន​ពី​របាយការណ៍​ជាតិ​នេះ នឹង​ដាក់​បញ្ចូល​ក្នុង​Global Biodiversity Outlook លើក​ទី​៥ និង​ត្រៀម​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ជីវៈចម្រុះ​សកលក្រោយឆ្នាំ២០២០ (Post 2020 Global Biodiversity Framework) ដែល​នឹង​យក​ទៅ​អនុម័ត​នៅ​ក្នុង​កិច្ច​​ប្រជុំ​លើក​ទី​១៥​ នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​នៅ​ឆ្នាំ​២០២០ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋប្រជាមានិត​ចិន ខាង​មុខ​។

លោក​ជំទាវ​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​ចូលរួម​ចំណែក​ផ្ដល់​ធាតុ​ចូល កែតម្រូវ និង​បំពេញ​បន្ថែម​ព័ត៌មាន​ខ្វះខាត​ដើម្បី​ឱ្យ​របាយការណ៍​ជាតិ​លើក​ទី​៦ ស្ដីពី​ជីវៈចម្រុះ​នេះ​គ្រប់​ជ្រុងជ្រោយ​ និង​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​ជម្រាប​ផង​ដែរ​ថា សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ និង​ពិនិត្យ​លើ​៖
១) ការ​ប្រែប្រួល​និន្នាការ និង​ស្ថានភាព​នៃ​ជីវៈចម្រុះ​របស់​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​
២) ឥទ្ធិពល​សំខាន់​ៗ​ដែល​បង្ក​ឱ្យ​មាន​ការ​ប្រែប្រួល​ជីវៈចម្រុះ ​
៣)​មធ្យោបាយ​ផ្សេង​ៗ​ដែល​បាន​យក​មក​អនុវត្ត​ក្នុង​ការ​អភិរក្ស​ជីវៈចម្រុះ ការ​អនុវត្ត​យុទ្ធសាស្រ្ត និង​ផែនការ សកម្មភាព​ជាតិ​ស្ដីពី​ជីវៈចម្រុះ និង​គោលដៅ​ជីវៈចម្រុះ​ជាតិ​
៤) យន្តការ​ដែល​បាន​អនុវត្ត​​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ជីវៈចម្រុះ​អាឈី (២០១១-២០២០) និង គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។