ឯកឧត្តម សុខ ឥសាន ៖ នៅទូទាំងពិភពលោក អ្នកណាប្រព្រឹត្តខុសអ្នកនោះទទួលទោស


(ភ្នំពេញ) ៖ បន្ទាប់ពីមានការលើកឡើងពីមន្ដ្រីគណបក្សសង្គ្រោះជាតិ ថាលោកសម រង្ស៊ី ប្រមុខដឹកនាំគណបក្សនឹងចូលមកស្រុកខ្មែរ ហើយទទួលទោសប្រសិនបើមានការដោះលែងមន្ដ្រី និងសកម្មជនរបស់លោកនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៅវិញថា លក្ខខណ្ឌនេះនឹងមិនអាចទៅរួចឡើយ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា នៅក្នុងពិភពលោកនេះគ្មានការទទួលទោសជំនួសនោះទេ ពោលគឺអ្នកណាប្រព្រឹត្តបទល្មើសអ្វី នឹងត្រូវតែទទួលទោសតាមហ្នឹង ៖ “…កុំនិយាយត្រឹមតែក្របខណ្ឌស្រុកខ្មែរ និយាយដល់ក្របខណ្ឌពិភពលោក…ឈ្មោះក.ប្រព្រឹត្តល្មើស ហើយដល់ទៅយក ឈ្មោះខ.ទៅជាប់គុកជំនួសដើម្បីឲ្យវារួចទោសបាននោះវាមិនដែលមានក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ…”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ដថា លោកសម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងមន្ដ្រីថ្នាក់ដឹកនាំទាំងឡាយរបស់លោក មិនមែនថាមិនយល់ពីហេតុផល និងផ្លូវច្បាប់នេះទេ ប៉ុន្តែ ឯកឧត្តមក៏ឆ្ងល់ដែរថា តើការលើកឡើងនេះ មានបំណងអ្វីដែរ។
ឯកឧត្តម សុខ ឥសាន ក៏បានបញ្ជាក់ដែរថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់លើកយកហេតុផលនេះជាការចរចាជាមួយគណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចទៅរួចនោះទេ ៖ “ទោះបើចង់យ៉ាងម៉េចក៏ធ្វើវាមិនកើតដែរហើយបើទោះបីធ្វើក៏ផ្លូវច្បាប់មិនអនុញ្ញាតឲ្យធ្វើដែរ…”។