ក្រសួងធម្មការនិងសាសនាបានសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈបានរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧


រសៀលថ្ងៃសៅរ៍ ១៥ កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការយាង និមន្ត និងអញ្ជើញចូលរួម ពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំណាងសាសនានាៗ ដែលមានវត្តមាននៅកម្ពុជា និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលសរុបប្រមាណចំនួន ៨០០អង្គ/នាក់ នៅសាលសន្និសីទចតុម្មុខ។
គួរបញ្ជាក់ផងដែរថា ក្រសួងបានសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងព្រះធម្មថិក សម្ដែងព្រះធម៌ទេសនានៅតាមកម្មវិធីបុណ្យនានា ដើម្បីជួយបញ្ចូលនូវខ្លឹមសារផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជាដើមទៅក្នុងព្រះធម៌ទេសនាផងដែរ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៧ បានខិតខំពិភាក្សាពិគ្រោះនិងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុលផុសលើចំនុចខ្លាំងចំនុចខ្សោយ បញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាពេលបច្ចុប្បន្នព្រមទាំងលើកទិសដៅអនុវត្តនាពេលអនាគត ដោយឆន្ទៈប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។
ទន្ទឹមនឹងនេះដែរ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៧ នេះ ក៏បានដាក់ចេញនូវសង្ឃប្រកាសចំនួន២ច្បាប់គឺ ១-សង្ឃប្រកាសរបស់គណៈមហានិកាយ និង២-សង្ឃប្រកាសរបស់គណៈធម្មយុត្តិកនិកាយក្នុងទិសដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់គួរជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានសង្គម ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ត្រឹមត្រូវនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហាពុទ្ធសាសនូបត្ថម្ភដ៏ឧត្តុង្គឧត្តមចំពោះព្រះពុទ្ធសាសនា ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ។