កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣ ដល់លោកគ្រូអ្នកគ្រូ ក្នុងខេត្តកំពង់ចាម ដើម្បីផ្ដល់អនុសាសន៍ជំរុញលើកទឹកចិត្តលោកគ្រូអ្នកគ្រូ បំពេញការងារប្រកបដោយមនសិការ វិជ្ជាជីវៈ ចូលរួមបង្កើនគុណភាពអប់រំ ដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ សាលាបឋមសិក្សាអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា មានការអប់រំ ប៉ុណ្ណោះដែលអាចកែប្រែជីវភាពរស់នៅរបស់មនុស្សបាន ហេតុនេះទើបក្រសួងអប់រំ យុវជន និងកីឡាយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកែលម្អស្ថានភាពអប់រំនៅកម្ពុជា ជាពិសេសការអប់រំកុមារតូចដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបណ្តុះធនធានមនុស្ស៕