រាជធានីភ្នំពេញ ៖ ពិធីដាក់ឱ្យដំណើរការវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អង្គការដៃគូ លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នាថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានគរុកោសល្យ ជាគ្រឹះស្ថានឧត្ដមសិក្សាអប់រំគ្រូបង្រៀនរបស់រដ្ឋ ដែលផ្ដល់ការអប់រំថ្នាក់បរិញ្ញាបត្រឥតបង់ថ្លៃ និងមានប្រាក់អាហារូបករណ៍ប្រចាំខែក្នុងអំឡុងពេលសិក្សារយៈពេល៤ឆ្នាំ ។