ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានស្នើឲ្យរាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រដល់កិច្ចដំណើរការ មជ្ឈមណ្ឌលភ្ញាស់ពូជត្រី


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានស្នើឲ្យរាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រដល់កិច្ចដំណើរការ មជ្ឈមណ្ឌលភ្ញាស់ពូជត្រី នៅខេត្តព្រះសីហនុ និងស្នើគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលភ្ញាស់កូនត្រីទឹកសាប ដើម្បីជួយដល់ការបង្កើនជីវភាពប្រជាកសិករកម្ពុជា។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួបលោក Jun TSUSHIMA និងលោក Arata TAKEBE សមាជិកសភាជប៉ុន និងលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅឯទីស្តីការក្រសួងកសិកម្ម ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី កសិកម្ម បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ តំណាងសភាជប៉ុន មកកាន់កម្ពុជា និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបាននិងកំពុងជួយគាំទ្រ ដល់ការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជា។

លោក Jun TSUSHIMA បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោក និងគណប្រតិភូចូលជួបពិភាក្សាការងារ។ លោកបានថ្លែងថា ឆ្នាំនេះ ជាខួបលើកទី៦៥ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ហើយរាជរដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោក ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបោះឆ្នោតគាំទ្រដល់ ជប៉ុន បានជាប់ជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំពិរពណ៌ពិភពលោក នៅឆ្នាំ២០២៥ ហើយ លោកក៏បានអញ្ជើញថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិរពណ៌ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងនីពុង ផងដែរ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានស្នើដល់រាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រដល់កិច្ចដំណើរការមជ្ឈមណ្ឌលភ្ញាស់ពូជត្រី នៅខេត្តព្រះសីហនុ និងស្នើគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌល ភ្ញាស់កូនត្រីទឹកសាបផងដែរ ដើម្បីជួយដល់ការបង្កើនជីវភាពប្រជាកសិករកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី  វេង សាខុន បានស្នើដល់ភាគីជប៉ុន ជួយគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងគាំទ្រការអភិវឌ្ឍន៍ការចិញ្ចឹមសត្វនៅកម្ពុជា ដោយប្រើប្រាស់ទឹកស្ពែមសិប្បនិមិ្មត ស្រពតាមបរិបទថ្មី នៃដំណើរការវិវត្តន៍ នៃបដិវត្តឧស្សាហកម្ម ៤.០ និងសម័យឌិជថល។

ឯកឧត្តមរដ្ឋមន្រ្តី  ក៏បានស្នើដល់រាជរដ្ឋាភិបាលជប៉ុន ជួយរៀបចំដំណើរទស្សនកិច្ច គ្រប់កម្រិតក្នុងការសិក្សាផ្លាស់ប្តូរបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែមពីការវិវឌ្ឍន៍ផ្នែកកសិកម្មនៅប្រទេសជប៉ុន និងស្នើដល់ប្រទេសជប៉ុន ពិនិត្យពិចារណាពីលទ្ធភាពក្នុងកៀរគរ អ្នកវិនិយោគទុនមកធ្វើការវិនិយោគ លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ក៏ដូចជាការទទួលទិញនូវផលិតផលកសិកម្ម បន្ថែមពីកម្ពុជានាពេលខាងមុខ៕