សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើឡើង ដើម្បីផ្តល់នីតិសម្បទាដល់អ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយនោះ បានឆ្លងផុត ស្ថាប័នព្រឹទ្ធសភាហើយ ឆ្ពោះទៅកាន់ឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ។
ទន្ទឹមនឹងច្បាប់នេះ កំពុងឆ្ពោះទៅរកការចូលជាធរមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ម្តងទៀតថា អ្នកនយោបាយដែលជាបម្រាមណា ដែលចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវធ្វើសំណើម្តងម្នាក់ៗ ដើម្បីពិនិត្យលក្ខណៈសម្បត្តិជាមុន ដោយមិនត្រូវធ្វើឡើងជាកញ្ចប់នោះទេ។
ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មនុស្សមួយចំនួនដែលកំពុងជាប់បម្រាមនេះ អ្នកឯងត្រូវតែធ្វើការស្នើសុំម្តងម្នាក់ៗ មិនមែនច្បាប់នេះចេញទៅរួចខ្លួនដោយស្វ័យប្រវត្តិទេ អ្នកឯងត្រូវធ្វើការសុំម្តងម្នាក់ មិនមែនធ្វើការសុំម្តង១កញ្ចប់ទេ ផ្តាំឱ្យហើយ សុំម្តងម្នាក់»។
សម្តេចតេជោ បានបន្តទៀតថា សំណើអាចធ្វើឡើង៣ជម្រើស គឺទី១៖ អាចស្នើទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ទាល់ ហើយរដ្ឋមន្រ្តីមហាផ្ទៃលើកសំណើមកនាយករដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីលើកសំណើថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងបម្រាមនោះ។ ចំណែកជម្រើសទី២ គឺជាសំណើរទៅកាន់នាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តីនឹងបញ្ជូនទៅរដ្ឋមន្រ្តីមហាផ្ទៃ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ បន្ទាប់មករដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើត្រឡប់មកវិញ ទើបនាយករដ្ឋមន្រ្តីនឹងស្នើថ្វាយព្រះមហាក្សត្រ។ ដោយឡែកជម្រើសទី៣ គឺជាសំណើលិខិតត្រង់ថ្វាយព្រះមហាក្សត្រ តាមទម្លាប់ធម្មតា ព្រះមហាក្សត្រឹនឹងបញ្ជូនលិខិតនោះមកឱ្យនាយករដ្ឋមន្រ្តីមានយោបល់ នាយករដ្ឋមន្រ្តីនឹងផ្តល់នូវសំណើនោះ ទៅឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពិនិត្យលក្ខណៈសម្បត្តិ ពេលរដ្ឋមន្រ្តីមហាផ្ទៃពិនិត្យរួចហើយ ក៏បញ្ចូនត្រឡប់មកនាយករដ្ឋមន្រ្តីវិញ នាយករដ្ឋមន្រ្តីក៏នឹងស្នើថ្វាយព្រះមហាក្សត្រតែម្តង។
សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញនោះ បានត្រូវបានព្រឹទ្ធសភឯកភាពទាំងស្រុង នៅក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំភាន់ច្រឡំថា លើក១កញ្ចប់តែម្តង គឺអត់ទៅរួចទេ ម្នាក់ម្តងតាមលក្ខណៈសម្បត្តិមនុស្សម្នាក់ៗប៉ុណ្ណោះ ពិតហើយខ្ញុំបានលឺគេថា “ខ្ញុំមិនសុំ” អ្នកមិនសុំខ្ញុំសូមអរគុណ អ្នកក៏នឹងមិនបានចូលរួមការបោះឆ្នោត ឃុំសង្កាត់នៅឆ្នាំ២០២២ដែរ អ្នកជ្រើសរើសទៅ រវាងម្ខាងអ្នកសុំ អ្នកនឹងបានសិទ្ធិធ្វើនយោបាយពីឥឡូវ រៀបចំកម្លាំង រហូតដល់ឆ្នាំ២០២២ ប៉ុន្តែប្រសិនបើអ្នកជាប់បម្រាម អ្នកហ៊ានធ្វើនយោបាយ អ្នកនឹងទទួលទោសបន្ថែមទៀត អ្នកគិតមើលទៅ ចំណេញខាតនៅកន្លែងណា អ្នកគិតមើលទៅ ខ្ញុំអត់បង្ខំអ្នកទេ តែច្បាប់បានបើកហើយ ពីមុននេះបានស្នើសុំ ប៉ុន្តែសាលដីកាតុលាការកំពូលដែលចេញហើយ បិទផ្លូវតវ៉ា ឥឡូវយើងបើកច្រកហើយ អ្នកចង់ចេញក៏ចេញចង់ចូលក៏ចូល ខ្ញុំអត់បង្ខំអ្នកទេ ផ្ទុយទៅវិញខ្ញុំអរគុណអ្នកទៅវិញបើអ្នកមិនសុំ ព្រោះចៀសវាងភាពរញ៉េរញ៉ៃ ព្រោះបើគ្មានពួកអ្នកទេ ក៏មាន២០គណបក្ស ឬលើកពីនេះ គេកំពុងធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសនោះដែរ អត់ពួកអ្នកអត់ខ្មែរអត់ងាប់ដែរ»៕