សម្តេចពញាចក្រី ហេង សំរិន គាំទ្រកិច្ចសហប្រតិបត្តិការ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ចិន


heng-samrin-19-10-16-2
(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យ លោក ប៉ាយ ហ្ស៊ីចាន (Bai Zhijan ) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិន និងជាអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ វប្បធម៌អន្តរជាតិចិន ចូលជួបសម្តែងការរគួរសម ខណៈដែលលោកបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងចិន។
នៅក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង នៃប្រទេសកម្ពុជាចិន។ ជាពិសេសភាគីទំាងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃដំណើរ ទស្សនកិច្ច របស់ប្រមុខដឹកនាំកំពូលប្រទេសចិន គឺប្រធានាធិបតី ស៊ី ជិនពីង នៅកម្ពុជា កាលពីសប្តាហ៍មុន ថាបានជំរុញឲ្យទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន កាន់តែមានសន្ទុះលឿនទៅមុខយ៉ាងឆាប់រហ័ស។
លោក ប៉ាយ ហ្ស៊ីចាន បានជម្រាបជូនសម្តេចពញាចក្រីថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលផ្លាស់ប្តូរ វប្បធម៌អន្តរជាតិចិន និងរាជបណ្ឌិត្យសភាកម្ពុជា។ ស្ថាបន័ទាំងពីរនេះ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការថែរក្សា និងជំរុញការផ្សព្វផ្សាយនៃវប្បធម៌ប្រទេសទាំងពីរទៅវិញទៅមក។
លោក ប៉ាយ ហ្ស៊ីចាន បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នៅពេលនេះ គណៈប្រតិភូបាននាំគ្រូពេទ្យបុរាណចិនល្បីៗ ជាច្រើននាក់មកកម្ពុជា គឺដើម្បីផ្តល់សេវាព្យាបាល និងពិនិត្យជំងឺបែបបុរាណ ជូនប្រជាពលរដ្ឋកម្ពុជា នៅក្នុងរាជធានីភ្នំពេញផង និងត្រូវរៀបចំការតាំងពិព័រណ៍ និងសិក្ខាសាលា អំពីវេជ្ជសាស្រ្តបុរាណចិននៅកម្ពុជាផងដែរ។
លោកប្រធានគណៈប្រតិភូ បានឲ្យដឹងថា ការព្យាបាលជំងឺបែបបុរាណ ជាមួយឱសថបុរាណចិន មានការពេញនិយម និងជាទម្លាប់របស់ប្រជាជនចិន ដែលមានតាំងពីបុរាណមក។ ការព្យាបាលបែប ឱសថបុរាណបានកត់ត្រាយ៉ាងច្បាស់នៅក្នុងប្រវត្តិសាស្រ្តចិន ហើយនៅតែពេញនិយមរហូតមកដល់ពេលបច្ចុប្បន្ននេះ។
សម្តេចពញាចក្រី ហេង សំរិន បានអបអរសាទរ និងកោតសរសើរ ចំពោះកិច្ចសហការដ៏ល្អ រវាងមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន ជាមួយនិងរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំឲ្យមាន ទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌ ជាពិសេស ការរៀបចំសិក្ខាសាលា និងការតាំងពិពរណ៍ផ្នែកឱសថបុរាណចិន នៅកម្ពុជា ។
សម្តេចពញាចក្រី បានលើកឡើងថា ជាការពិតណាស់ ទន្ទឹមនឹងការវិវឌ្ឍរីកចម្រើន នៃវេជ្ជសាស្រ្តសុខាភិបាលទំនើប ក្នុងសម័យសកលភាវូបនីយ៍កម្មយ៉ាងណាក៏ដោយ វេជ្ជសាស្រ្តបុរាណ នៅតែរួមចំណែកលើកកម្ពស់ សុខមាលភាពរបស់ប្រជាជន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាគាំទ្រចំពោះកិច្ចសហការរវាងរាជ បណ្ឌិត្យសភាកម្ពុជា ជាមួយនិងមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ចិន ក្នុងការរៀបចំសិក្ខាសាលា និងបទបង្ហាញ ស្តីពីការព្យាបាលវេជ្ជសាស្ត្របុរាណនេះ៕
heng-samrin-19-10-16-3
heng-samrin-19-10-16-4