ឯកឧត្តម សុខ ឥសាន បានលើកឡើង ថា “នៅពេលនេះ ទណ្ឌិត សម រង្ស៊ី បានទទួលស្គាល់ ការពិតហើយ គឺពិតជាមានការបែកបាក់ រវាងភាគីសម រង្ស៊ី និងភាគីកឹម សុខា


ភ្នំពេញ៖ មួយថ្ងៃក្រោយ ពីការបង្ហាញសារ របស់លោក សម រង្ស៊ីឲ្យអតីតមន្រ្តី របស់ខ្លួនរួបរួមគ្នា កុំបន្តវាយប្រហារគ្នា លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សកាន់អំណាច បានថ្លែងបញ្ឈឺថា លោក សម រង្ស៊ី ទទួលស្គាល់ការពិត ហើយថាមានការបែកបាក់ រវាងភាគីសម រង្ស៊ី និងភាគី កឹម សុខា ទើបអំពាវនាវឲ្យភាគី ទាំងសងខាង បញ្ឈប់វាយប្រហារគ្នា តទៅទៀត ចាប់ពីឆ្នាំថ្មី២០១៩ ។

ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្តាញទំនាក់ទំនង តេឡេក្រាម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ថា “នៅពេលនេះ ទណ្ឌិត សម រង្ស៊ី បានទទួលស្គាល់ ការពិតហើយ គឺពិតជាមានការបែកបាក់ រវាងភាគីសម រង្ស៊ី និងភាគីកឹម សុខា។ ដោយហេតុនេះទើបទណ្ឌិតសម រង្ស៊ីអំពាវនាវ ឲ្យភាគីទាំងសងខាងបញ្ឈប់ វាយប្រហារគ្នាតទៅទៀត ចាប់ពីឆ្នាំថ្មី២០១៩តទៅ” ។

ឯកឧត្តមអះអាងថា ក៏ប៉ុន្តែទន្ទឹមនឹងនេះ ទណ្ឌិតសម រង្សី នៅតែមានៈ និងចចេះនិយាយរត់មាត់ បោកប្រាស់មហាជនថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយដដែល នៅពេលដែលមនុស្សទាំងពីរ នៅដាច់ដោយឡែកពីគ្នា និងមានគោលជំហរខុសគ្នា ។

ឯកឧត្តមថា ការអំពាវនាវ របស់ទណ្ឌិតសម រង្ស៊ីនេះ កើតឡើងនៅពេល ដែលមានរលកបែកបាក់ យ៉ាងស្រួចស្រាវ រវាងភាគីគាំទ្រសម រង្ស៊ី និងភាគីគាំទ្រកឹម សុខារួមទាំងកឹម សុខាផ្ទាល់ខ្លួនផង ដែលមិនឯកភាព ក្នុងការដណ្តើមតំណែង ជាប្រធានស្តីទី របស់គណបក្សប្រឆាំង ដូច្នេះទោះបីទណ្ឌិត សម រង្ស៊ី ខិតខំបិទបាំង ការពិតក៏ដោយការពិត នៅតែជាការពិតដដែល ។

លោក សម រង្ស៊ី អតីតមេសង្រ្គោះជាតិ ដែលជាបក្សប្រឆាំង នៅកម្ពុជា(CNRP) បានផ្ញើសារចេញពីទីក្រុងប៉ារីស ប្រទេសបារាំងមក ហាក់បញ្ចេញ ភាពស្រទន់ជាមុន ដោយបានលើកឡើង នូវក្តីសង្ឃឹមថា ឆ្នាំថ្មីជាឆ្នាំដែលមហាគ្រួសារខ្មែរ អាចជួបជុំគ្នាវិញ ក្នុងកំណត់ត្រា ជាប្រវត្តិសាស្ត្រ សំរាប់កូនខ្មែរជំនាន់ក្រោយ ហើយលោកបានស្នើឲ្យ អតីតមន្រ្តីទាំងអស់ បញ្ឈប់ការវាយប្រហារគ្នា គ្រប់រូបភាព ងាកមកសាមគ្គីគ្នាវិញ ៕