គណៈកម្មការទី៩នៃរដ្ឋសភា​ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ ស៊ុយ​ សែម


នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៧ ខែធ្នូ ឆ្នាំ២០១៨​ នៅក្រសួងរ៉ែ​ និងថាមពល​ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​(គណៈកម្មការទី៩)នៃរដ្ឋសភា​ ដឹកនាំដោយលោកជំទាវ​ និន​ សាផុន​ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល​ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័ត និងចូលជាធរមានរួចហេីយ​ ព្រមទាំងស្វែងយល់ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ។