ដោយមានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លើបញ្ហាខ្វះខាតទឹកសម្រាប់ស្រូវប្រាំងប្រមាណ ៧១០ ហិកតា របស់ប្រជាពលរដ្ឋចំនួន ១០ ភូមិ នៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ( ៦៥ សេះ ) ចំនួន ០២ គ្រឿង ដើម្បីអន្តរាគមន៍នាំទឹកពីអាងទឹក ៣០កញ្ញា ទៅកាន់តំបន់នោះ ។ សូមបញ្ជាក់ផងដែរថា អាងទឹក ៣០ កញ្ញា គឺមានចម្ងាយប្រមាណ ២៨ គម ពីទីតាំងដែលត្រូវអន្តរាគមន៍ ។ ដូចនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចប្រើប្រាស់គ្រឿងចក្រកាយប្រឡាយ ០១ ខ្សែ ប្រវែងប្រមាណ ៣០០ ម ដើម្បីភ្ជាប់ចរន្តទឹកពីអាងទឹក ៣០កញ្ញា ទៅកាន់ស្ទឹងស្ទោង ហើយប្រើប្រាស់ម៉ាស៊ីនបូមទឹក ចំនួន ០២ គ្រឿង ដើម្បីបូមទឹកពីក្នុងអាង ទម្លាក់តាមប្រឡាយដែលកាយរួចនោះ ទៅកាន់ស្ទឹងស្ទោង ដើម្បីបញ្ជូនបន្តទៅកាន់តំបន់ដែលខ្វះខាតទឹក ។ ជាមួយគ្នានេះ មន្ទីរបានផ្តល់សំបកការ៉ុង ចំនួន ១.០០០ សំបក ដល់អាជ្ញាធរឃុំ សម្រាប់ច្រកដី ទប់រក្សាទឹកក្នុងស្ទឹង ជៀសវាងហូរចាក់ចូលទៅកាន់បឹងទន្លេសាបដោយឥតប្រយោជន៍ ។ ការអន្តរាគមន៍នេះ ក៏មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំយ៉ាងច្រើនកុះករផងដែរ ។
ឯកឧត្តម លឹម គានហោ បានបញ្ជូនគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០២ គ្រឿង ដើម្បីអន្តរាគមន៍នាំទឹកពីអាងទឹក ៣០កញ្ញា
