ក្រសួងការពារជាតិ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៩


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។ នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។

កិច្ចប្រជុំនេះ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការអញ្ជើញរួមចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងបណ្តាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងការពារជាតិជាច្រើនទៀត។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ, នៅអំឡុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ជូន លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិថ្មីៗនេះ ផងដែរ៕