ភ្នំពេញ៖ អតីតមេបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានបង្ហាញពីក្តីរំពឹងក្នុងថ្ងៃដំបូង ដើមឆ្នាំ២០១៩ថា លោកនឹងមកកាន់កម្ពុជាវិញ នៅក្នុងឆ្នាំនេះ ប៉ុន្តែប៉ុន្មានម៉ោងមុនចូលឆ្នាំសកល អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទស្សន៍ទាយពីជោគវាសនា លោក សម រង្ស៊ី ថា គឺត្រូវរស់នៅឯកាពីគេទាំងអស់គ្នា សម្រាប់ឆ្នាំ២០១៩នេះ។
តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានលើកឡើងថា “នៅថ្ងៃមុនគេបង្អស់ក្នុងឆ្នាំថ្មី ២០១៩ នេះ ខ្ញុំបង្ហោះរូបថតទាំងនេះ ដែលរំលឹកពីការសប្បាយ ជួបជុំជាមួយបងប្អូនជនរួមជាតិ និងកូនក្មួយ កន្លងមក។ ខ្ញុំជឿជាក់ថា យើងនឹងបានជួបជុំគ្នាវិញ ក្នុងឆ្នាំ ២០១៩ នេះ”។
ជាមួយគ្នានោះដែរ លោក សម រង្ស៊ី ក៏សូមជូនពរឲ្យបងប្អូនកូនក្មួយ ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ ចាប់ពីពេលនេះតទៅ។
ដោយលែកវិញ នៅប៉ុន្មានម៉ោងមុនចូលឆ្នាំសកលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទស្សន៍ទាយថា “ជោគជតារាសីរបស់ ទណ្ឌិតសម រង្ស៊ី សម្រាប់ឆ្នាំ ២០១៩ គឺត្រូវឯកាពីគេឯងទាំងអស់ ។ ទណ្ឌិត សម រង្ស៊ី រាសីដាក់ខ្លាំង មិនហ៊ានចូកមកក្នុងស្រុកខ្មែរទេ តែបើប្រថុយចូលមក នឹងត្រូវសមត្ថកិច្ចចាប់ដាក់គុកភ្លាម តាមដីកាតុលាការ” ។
ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា “ជីវិតនយោបាយរបស់ទណ្ឌិតសម រង្ស៊ី នឹងត្រូវចប់ ។ ដួងជតារបស់ទណ្ឌិត សម រង្ស៊ីនឹងត្រូវក្ស័យជីវិត ដោយចងក ឬធ្វើអត្តឃាដ ដោយសារអស់សង្ឃឹម ពីរឿងបរាជ័យខាងនយោបាយ ។ ការបរាជ័យរបស់ទណ្ឌិត សម រង្ស៊ី នឹងត្រូវរាលដាលដល់អ្នកគាំទ្រ ផ្កាប់មុខមួយចំនួន ដែលមិនព្រមភ្ញាក់រលឹកទាន់ពេលវេលា“។
អ្នកនាំពាក្យបក្សកាន់អំណាចបន្តថា ជាជោគជតារាសី ដួងចៃរបស់ទណ្ឌិត សម រង្ស៊ី ដែលមិនអាចរកគ្រូហ្មណា មករំដោះគ្រោះ ក៏មិនបានជាដាច់ខាត ទោះស្រោចទឹកលោក ៧ វត្តក៏មិនអាចស្រោចស្រង់បានដែរ៕