អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញ សម្រុកលើការងារជួសជុលផ្លុវ ស្តារលូ និងស្តារប្រឡាយទាំងអស់ឲ្យបានស្អាត ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ


(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ សម្រុកលើការងារជួសជុលផ្លុវ ស្តារលូ និងស្តារប្រឡាយទាំងអស់ឲ្យបានស្អាត ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអ្នកលក់ដូរអាហារហូបចុកបង្កឲ្យលូស្ទះ ក៏នឹងមានវិធានការធ្ងន់ធ្ងរផងដែរ។

ការជំរុញ និងមានវិធានការបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យលទ្ធផលការងារ គម្រោងជួសជុលប្រព័ន្ធលូ ក្នុងខណ្ឌទាំង៤កណ្តាលក្រុង ក្នុងឆ្នាំ២០១៨ និងផែនការ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង៤ និងមន្ទីរជំនាញពាក់ព័ន្ធ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានី ភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា សម្រាប់ប្រព័ន្ធលូ និងប្រឡាយនាពេលបច្ចុប្បន្ននេះ ឃើញថា បង្ហូរទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃ ទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផង ទឹកបានហូរអស់ពីលើផ្លូវទៅហើយ។ ទោះបីជាយ៉ាងណា ការងារនេះយើងត្រូវតែបន្តធ្វើទៀត។

ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០១៩នេះ អភិបាលខណ្ឌ និងមន្ទីរជំនាញ ត្រូវសំរុកជួសជុលផ្លុវ ស្តារលូ និងស្តារប្រឡាយទាំងអស់ឲ្យបានស្អាតក្នុងរដូវប្រាំងនេះ ដោយយើង មានរយៈពេលត្រឹម តែ៣ខែប៉ុណ្ណោះ។ ក្រៅពីការជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយនេះ អាជ្ញាធរខណ្ឌត្រូវចុះណែនាំអប់រំ ប្រជាពលរដ្ឋ ពិសេសអ្នកលក់អាហារហូបចុះ ធ្វើយ៉ាងណាកុំឲ្យពួកគាត់ បោះកាកសំណល់ចូលទៅក្នុងអណ្តូងលូ។ បើពួកគាត់មិនស្តាប់ត្រូវធ្វើកំណត់ហេតុ ជាលើកទី១ ជាមួយនឹងវិធានការផ្លូវច្បាប់របស់អន្តរក្រសួង តែបើពួកគាត់មិនអនុវត្តតាមទៀត ដោយនៅតែបញ្ចូលកាកសំណល់ ទៅក្នុងអណ្តូងលូទៀតនោះ យើងសម្រេចបិទអាជីវកម្មលក់ដូរអាហារហូបចុកពួកគាត់តែម្តង។

ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះទេ បើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកឲ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង។

ក្នុងកិច្ចប្រជុំនោះបញ្ហាសណ្តាប់ធ្នាប់ ក៏ត្រូវបានឯកឧត្តម ឃួង ស្រេង លើកឡើងផងដែរថា ចាប់ពីពេលនេះទៅ ការសាងសង់រោងការ រោងបុណ្យ អាចធ្វើបានត្រឹមតែលើចិញ្ចើមផ្លូវ មិនឲ្យសាងសង់លើទ្រូងផ្លូវដាច់ខាត ហើយចំពោះរថយន្តធំចូលក្រុងវិញ ត្រូវតែមានវិធានការឲ្យបានម៉ឹងម៉ាត់ បើទោះបីការងារនេះពាក់ព័ន្ធនឹងប៉ូលីសក៏ដោយ ក្នុងនាមអាជ្ញាធរខណ្ឌ ត្រូវឃាត់រថយន្តធំៗទាំងនោះទុក ហើយសួរនាំឲ្យបានច្បាស់ ថាតើ គោលដៅណាដែលអនុញ្ញាតឲ្យរថយន្តទាំងនោះចូល ដើម្បីយើងមានវិធានការបន្ត៕