គ្មាន​​ចំណេះ​ដឹង​ប្រវត្តិសាស្ត្រ អាច​​ធ្វើ​ឱ្យ​កំហុស​ក្នុង​ប្រវត្តិសាស្ត្រ​កើត​ឡើង​ជាថ្មី​


រាជធានី​ភ្នំពេញ៖ “គ្មាន​ចំណេះ​ដឹង​ប្រវត្តិសាស្ត្រ ​អាច​​ធ្វើ​ឱ្យ​កំហុស​ក្នុង​ប្រវត្តិសាស្ត្រ​កើត​ឡើង​ជាថ្មី” នេះ​ជាប្រសាសន៍​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ឱកាស​នៃ​​កម្មវិធី​បាឋកថា​ស្តី​ពី ខួបអនុស្សាវរីយ៍លើកទី៤០ នៃ​ទិវា​ជ័យ​ជម្នះ ៧ មករា និង​ខួបលើកទី២០ នៃ​ការ​បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា​។ ​

ឆ្លៀត​​ឱកាស​នោះ ​ឯកឧត្តម​បណ្ឌិត​ក៏​បាន​ផ្ដល់​អនុសាសន៍​ថា “គ្មាន​ការ​អភិវឌ្ឍ​ណា​​ អាច​កើត​ឡើង​បាន​ដោយ​គ្មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ឡើយ ហើយ​ក៏​គ្មាន​ភាព​រីកចម្រើន​ណាមួយ ដែល​​បាន​មក​ ដោយ​គ្មាន​​សាមគ្គី​ភាព និង​ការ​ប្រឹងប្រែង​ទាំង​អស់​គ្នា​នោះ​ទេ”។

បាឋកថា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​​​ នា​ព្រឹក​ថ្ងៃ​ពុធ ១២​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​គោល​ដៅ​បង្កើន​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា បញ្ចៀស​កំហុស ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ជឿនលឿន​។ កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង អង្គភាព​ជំនាញ តំណាង​សាកលវិទ្យាល័យ សាស្ត្រាចារ្យ គរុនិស្សិត និង​គ្រូ​ឧទ្ទេស​មក​ពី​សាលា​គរុកោសល្យ​នានា៕