សម្តេចក្រឡាហោម​ ស ខេង ផ្តល់អគារសិក្សា១ខ្នង ដល់វិទ្យាល័យជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង


(បាត់ដំបង)៖ អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ តម្លៃជាង២០ម៉ឺនដុល្លារ ជាអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងបរិវេណវិទ្យាល័យជ្រៃ ស្ថិតភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង និងមានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការអភិបាលស្រុកថ្មគោល មេឃុំនានាក្នុងស្រុកទាំងអស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត ថ្លែងថា ក្មួយៗជំនាន់ក្រោយនេះ មានសំណាងជាងចាស់ៗ ជំនាន់មុនៗ ដែលមានសាលារៀនជាច្រើនសម្រាប់សិក្សា ហើយសាលារៀនទាំងអស់ សុទ្ធតែមាននៅជិតផ្ទះក្មួយៗ មានការងាយស្រួលច្រើន។ លោកបានផ្តាំសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រយកចំណេះដឹង សម្រាប់យកទៅប្រើជាប្រយោជន៍រៀងៗខ្លួន ដែលជាយុវជន បន្តវេណជាទំពាំងស្នងឬស្សីប្រទេសជាតិ និងដើម្បីមានឱកាសចូលរួមបម្រើ កសាងប្រទេសជាតិ ឲ្យមានការរីកចំរើន មានវឌ្ឍភាពសង្គម នាពេលអនាគតតទៅ។

ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់ថា ពីបញ្ហាសន្តិសុខសង្គម គឺមានតែសម័យតេជោទេ ដែលមានសុខសន្តិភាព១០០។ ទន្ទឹមនឹងមានសន្តិភាពនេះហើយ ត្រូវនាំគ្នាទប់ស្កាត់ សង្រ្គាមចិត្តសាស្រ្ត ដែលបានបំពុលបរិយាកាសសង្គម តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនានា កុំចែកចាយបន្ត ចៀសវាងការខុសឆ្គង អាចពាក់ព័ន្ធចំពោះមុខច្បាប់ទៀតផង។

ឯកឧត្តម សន្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រដើម្បីអនាគតខ្លួន ត្រូវចាកឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរគ្រប់ទីកន្លែង៕