ឯកឧត្តម វេង សាខុន បានបន្តអញ្ជើញចុះពិនិត្យមើលលទ្ធផលនៃការដាំដុះបន្លែស្ពៃក្តោបរបស់កសិករ ម៉ៅ ខុន នៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ


កម្មវិធីចុងក្រោយ ឯកឧត្តម វេង សាខុន បានបន្តអញ្ជើញចុះពិនិត្យមើលលទ្ធផលនៃការដាំដុះបន្លែស្ពៃក្តោបរបស់កសិករ ម៉ៅ ខុន នៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ ដែលស្ថិតក្នុងគម្រោងកម្មវិធីស្តីពីការជំរុញផលិតកម្មស្បៀង អនុវត្តកម្មវិធីដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានថវិកាហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងមានគោលបំណងបង្កើនលទ្ធភាពផលិតបន្លែក្នុងស្រុក កាត់បន្ថយការនាំចូល ធានាការផ្គត់ផ្គង់បន្លែសុវត្ថិភាពដល់អ្នកបរិភោគក្នុងស្រុក បង្កើនកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំំណាកស្រុក។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់ថវិកាអនុវត្តគម្រោង មន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋាកសិកម្មដែលបានចុះមកជួយបណ្តុះបណ្តាលបច្ចេកទេស ជាពិសេសសូមកោតសរសើរដល់កសិករម៉ៅ ខុន ដែលបានយកចិត្តទុកដាក់ដាំបន្លែដើម្បីបង្កើតមុខរបរបន្ថែម ធានាសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ដើម្បីរក្សាស្ថិរភាពតម្លៃ និងបរិមាណផ្គត់ផ្គង់ លោកបានឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយរៀបចំសហគមន៍ផលិតបន្លែ រួមជាមួយដៃគូវិស័យឯកជន ក្នុងការចុះកិច្ចសន្យាប្រមូលទិញកសិផលឲ្យទទួលបានតម្លៃសមរម្យ និងចុះមកវាយតម្លៃលើស្តង់ដារផលិតដើម្បីផ្តល់វិញ្ញាបនបត្រ GAP ដល់អ្នកផលិតក្នុងគោលបំណងធានាពីភាពត្រឹមត្រូវ គុណភាព និងសុវត្ថិភាព ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។