ឯកឧត្តម ជុំ កុសល៖ ថ្ងៃ៧មករា មានតម្លៃទាំង អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល


(ភ្នំពេញ)៖ ឯកឧត្តមជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ថ្ងៃ៧មករា មានតម្លៃទាំង អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ឯកឧត្តម ជុំ កុសល បានពន្យល់ថា អតីតកាល៖ ៧មករាបានសង្គ្រោះជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ឱ្យបន្តរស់ កសាងគ្រួសារ និងជីវភាពរស់នៅជាថ្មីឡើងវិញ។ បច្ចុប្បន្នកាល៖ មានអ្វីៗគ្រប់បែបយ៉ាងគឺបានកើតចេញពី៧មករា។ គ្មាន៧មករាអតីតកាលក៏គ្មានបច្ចុប្បន្នកាលដែរ។ អនាគតកាល៖ ៧មករានៅតែជាថ្ងៃដ៏មានអត្ថន័យ រំលឹកជីវិតរស់ឡើងវិញជានិរន្តរ។

ឯកឧត្តមបានបន្តថា៖ ក្រោយឆ្នាំ១៩៧៩ អ្នកប្រឆាំង ៧មករានិងចាត់ទុក៧មករាជាសត្រូវរបស់គេគឺជាអ្នកដែលត្រូវបានទទួលបរាជ័យដោយសារ៧មករានេះឯង ។ ប៉ុន្តែ ក្រោយពេលធ្វើសមាហរ័ណកម្មឆ្នាំ១៩៩៨ ៧មករាក៏អស់សត្រូវរបស់ខ្លួនដែរ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ «នៅពេលកម្ពុជាបានចូលក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្សបែរជាអ្នកប្រឆាំងនៅកម្ពុជាគេបានយក ៧មករាមកធ្វើជាសត្រូវរបស់គេបន្តពីអតីតក្រុមខ្មែរក្រហមទៅវិញ ! ។ តើអ្នកប្រឆាំង៧មករា បានប្រយោជន៍អ្វីមកអ្នកវិញ បើក្នុងនាមអ្នកជាអ្នកនយោបាយត្រូវការសំឡេងគាំទ្រពីប្រជាពលរដ្ឋ?»

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ «៧មករាប្រៀបបានជាឱសថទិព្វ បានជួយសង្គ្រោះជិវិតប្រជាជនកម្ពុជាឱ្យបានរស់ឡើងវិញសារជាថ្មី ។ ដូច្នេះ៧មករា ពិតជាមានឥទ្ធិពលក្នុងដួងចិត្តរបស់ជនរងគ្រោះគ្រប់រូប ដែលបានឆ្លងកាត់របបប៉ុលពត។ ប្រសិនបើអ្នកឆ្លាត អ្នកមិនគួរប្រឆាំង « សច្ចធម៌ប្រវត្តិសាស្ត្រ» ឡើយ!»