ឯកឧត្តមសុខ សានបានលើកឡើងថា លោក សម រង្ស៊ី គឺមានចេតនាបំផ្លាញអតីតគណបក្ស សង្គ្រោះជាតិចោល


ភ្នំពេញ៖ ដោយមើលឃើញថា លោក សម រង្ស៊ី តែងតែលើកឡើងគ្រប់មធ្យោបាយ ក៏ដូចជាការតែងតាំងខ្លួនធ្វើជាប្រធានស្ដីទី អតីតគណបក្សសង្គ្រោះជាតិ (CNRP)ផងនោះ ឯកឧត្តមសុខ សាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ី គឺមានចេតនាបំផ្លាញអតីតគណបក្ស សង្គ្រោះជាតិចោល ព្រោះខ្លួនលែងជាកម្មសិទ្ធិក្នុងបក្ស។

អ្នកនាំពាក្យបក្សកាន់អំណាច បានថ្លែងតាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ថា “រឿងពិតមួយដែលអ្នកត្រូវតែដឹង សម រង្ស៊ី មានចេតនាបំផ្លាញអតីត CNRP ចោល ដោយសារតែលែងជាកម្មសិទ្ធិរបស់គាត់ទៀតហើយ” ។

ឯកឧត្តមសង្កត់ធ្ងន់ថា អតីត CNRP បានត្រូវលោក កឹម សុខា ធ្វើបក្សប្រហារ ដណ្តើមយកពីលោក សម រង្ស៊ី ដោយស្របច្បាប់ និងដោយរលូនទៀត តែលោកសម រង្ស៊ី ដេកមិនលក់បក់មិនល្ហើយ ក៏រៀបផែនការបំផ្លាញ លោក កឹម សុខា វិញ និងរកវិធីបំផ្លាញ បក្សចោលផងដែរ ក្រោមទឹកចិត្តមួយថា បើរបស់អញមិនបានស៊ី គឺត្រូវតែជាន់ចោល។

អ្នកនាំពាក្យបន្តទៀតថា លោក សម រង្ស៊ី មិនព្រមបើកបក្សនយោបាយថ្មីមួយទៀតទេ ដោយនៅតែមិនទុកចិត្តពួកក្រុមលោក កឹម សុខា ។ ពេលនេះ លោក សម រង្ស៊ី កំពុងតែប្រឹងដើរជាតួឯកជំនួសឥទ្ធិពលរបស់ លោក កឹម សុខា ក្រែងអាចបានទទួលនូវកញ្ចប់នយោបាយចរចា មួយនឹងគេដែរ សម្រាប់ឆ្នាំ២០១៩នេះ។ លោក កឹម សុខា និងលោក សម រង្ស៊ី នៅតែជាសត្រូវនយោបាយ នឹងគ្នាដោយបើកចំហរ ។ ពួកក្រុមលោក កឹម សុខា និយម ក៏ប្រឹងបកអាក្រាត គំនិតខ្មៅកខ្វក់ របស់លោកសម រង្ស៊ី ជាប្រចាំ តែត្រូវបាន លោក សម រង្ស៊ី ចោទថា សុទ្ធតែជាពួកក្បត់ជាតិទៅវិញ ។

គួររំលឹកផងដែរថា ក្រោយពីបក្សត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧ អតីតមន្រ្តីរបស់បក្សនេះ បានបើកការវាយប្រហារគ្នាទៅវិញ ទៅមកដោយសារមាននិន្នការ មេបក្សផ្សេងគ្នា ពោលក្រុម លោក សម រង្ស៊ី និងក្រុម លោក កឹម សុខា។ ជាក់ស្តែងកូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា និងអតីតមន្ត្រីជាន់ខ្ពស់អតីត គណបក្សសង្គ្រោះជាតិមួយ ចំនួនទៀត ត្រូវបានក្រុមម្ខាងទៀតរិះគន់ផងដែរ ។ ខណៈលោក គង់ គាំ អតីតមនុស្សជំនិតលោក សម រង្ស៊ី តែងតែបើកការវាយប្រហារ ទៅកាន់លោក សម រង្ស៊ី ជារឿយៗ ៕