ឯកឧត្តម សុខ ឥសាន បានលើកឡើងក្នុងន័យឌឺដង ទៅកាន់លោក សម រង្ស៊ីថា ដោយសារតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ខ្លាចទណ្ឌិត សម រង្ស៊ី ទើបសម្ដេចបានត្រៀមខ្នោះ និងគុកទុកជាមុនសម្រាប់ស្វាគមន៍


 

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានលើកឡើងក្នុងន័យឌឺដង ទៅកាន់លោក សម រង្ស៊ីថា ដោយសារតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ខ្លាចទណ្ឌិត សម រង្ស៊ី ទើបសម្ដេចបានត្រៀមខ្នោះ និងគុកទុកជាមុនសម្រាប់ស្វាគមន៍ វត្តមានលោកចូលស្រុកវិញ ដូច្នេះ តើអ្នកណា ខ្លាច អ្នកណា?

ការថ្លែងរបស់ឯកឧត្តម សុខ ឥសាន នេះ បន្ទាប់ពីពេលកន្លងទៅ លោក សម រង្ស៊ី បាននិយាយថា សម្តេចតេជោ ខ្លាច សម រង្ស៊ី តាំងពីសំឡេង រូបថត និងខ្លាចស្រមោលសម រង្ស៊ី ផងដែរ។

ប៉ុន្តែក្នុងតេឡេក្រាមរបស់ឯកឧត្តម សុខ ឥសាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ លោកបានលើកឡើងជាសំណួរថា “តើអ្នកណា ខ្លាច អ្នកណា?” ។

អ្នកនាំពាក្យបក្សកាន់អំណាចឲ្យដឹងថា “កន្លងទៅថ្មីៗនេះ លោក សម រង្ស៊ី បាននិយាយថា សម្តេចតេជោ ហ៊ុន សែនខ្លាចលោកខ្លាំងណាស់ ខ្លាចតាំងពីសំឡេងលោក សម រង្ស៊ី ខ្លាចតាំងពីរូបថត លោក សម រង្ស៊ី ខ្លាចស្រមោលលោក សម រង្ស៊ី។ ល។ ដោយសារសម្តេចតេជោ ហ៊ុន សែន ខ្លាច លោក សម រង្ស៊ី យ៉ាងនេះ ហើយបានជាសម្តេច បានណែនាំឲ្យអាកាសចរណ៍ទាំងអស់ ដឹកលោក សម រង្ស៊ីចូលមកស្រុកគ្រប់ពេល។ សម្ដេចបានត្រៀមខ្នោះ និងគុកសម្រាប់ដាក់ទណ្ឌិត សម រង្ស៊ី នៅពេលមានវត្តមានទណ្ឌិតរូបនេះ នៅកម្ពុជា” ។

ឯកឧត្តមថា បើកចំហសិទ្ធិឲ្យទណ្ឌិតរូបនេះ ចូលមកក្នុងស្រុកគ្រប់ពេល បើដូច្នេះ តើអ្នកណា ខ្លាចអ្នកណា ?

ជាមួយគ្នានេះដែរ កាលពីថ្ងៃ២៧ ធ្នូ លោក សម រង្ស៊ីបង្ហាញក្នុងហ្វេសប៊ុកថា “ការវិលត្រឡប់ របស់លោក សម រង្ស៊ី មកដឹកនាំគណបក្សសង្គ្រោះជាតិវិញ ធ្វើឲ្យយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន បរាជ័យ ក្នុងការប៉ុនប៉ងបំផ្លាញគណបក្សសង្គ្រោះជាតិ ពីខាងក្នុង” ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តែងតែធ្វើការអំពាវនាវឲ្យលោក សម រង្ស៊ី វិល ចូលស្រុកវិញ បើសិនជាលោក សម រង្ស៊ី ជាអ្នកខ្លាំងពិតប្រាកដ ។ លោក សម រង្ស៊ី ធ្លាប់ប្រកាសថា ខ្លួននឹងវិលត្រឡប់មកស្រុកវិញ នៅដើមឆ្នាំ២០១៩នេះ ៕