ឯកឧត្តម សុខ ឥសានបានលើកឡើងថា គម្រោងនៃការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ប្រមាណជា២០០នាក់ប្រឆាំងថ្ងៃកំណើតទី២របស់កម្ពុជា គឺថ្ងៃ៧មករា គ្មានឥទ្ធិពលអ្វីមកលើកម្ពុជាឡើយ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណក្សប្រជាជន បានលើកឡើងថា គម្រោងនៃការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ប្រមាណជា២០០នាក់ប្រឆាំងថ្ងៃកំណើតទី២របស់កម្ពុជា គឺថ្ងៃ៧មករា គ្មានឥទ្ធិពលអ្វីមកលើកម្ពុជាឡើយ។

ឯកឧត្តម ជា យូហន អ្នកដឹកនាំបាតុកម្មម្នាក់ បានអះអាងថា នឹងមានអ្នកចូលរួមប្រមាណជា២០០នាក់ ធ្វើបាតុកម្មប្រឆាំងថ្ងៃ ៧ មករា នៅប្រទេសអូស្ត្រាលី នៅមុខភោជនីយដ្ឋាន Maxim ។នេះបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី។

ពាក់ព័ន្ធថ្ងៃ៧មករានេះ ឯកឧត្តម សុខ ឥសាន បានលើកសរសើរវៀតណាមថា បើគ្មានការជួយអន្តរាគមន៍យ៉ាងទាន់ពេលវេលាពីកងទ័ពស្មគ្រចិត្តវៀតណាម ពលរដ្ឋខ្មែរមិនអាចរួចរស់រានមានជីវិត និងបានបង្កើតកូនចៅ តជំនាន់មកដល់សព្វថ្ងៃនេះឡើយ ដូច្នេះប្រជាជនកម្ពុជាទាំង១៦លាននាក់ គ្មានពេលបំភ្លេចថ្ងៃជាសច្ចៈធម៌ប្រវត្តិសាស្រ្តនេះ ជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

ថ្ងៃ៧មករា ជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបានរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ទាំងអ្នកធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត និងទាំងអ្នកបានកើតក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ សុទ្ធតែចងចាំជានិច្ចនូវអត្ថន័យជាប្រវត្តិសាស្ត្រ ថ្ងៃ៧មករា ១៩៧៩ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងនៅថ្ងៃទី៦ មករា ថា “សម្រាប់ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា២០១៩) នៃថ្ងៃរំដោះជាតិពីរបបខ្មែរក្រហមដែលជារបបខ្មៅងងឹងដែលប្រជាជនកម្ពុជា មិនចង់ឃើញ និងកកើតឡើងវិញ”។

ឯកឧត្តមថា អ្នកទៅរស់នៅក្រៅប្រទេសដោយសារថ្ងៃ៧មករា១៩៧៩ ឥឡូវបានសុខស្រួលហើយ ទោះនៅដឹងគុណឬ មិនដឹងគុណថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជារឿងរបស់ពួកគេទេ តែតាមការពិត មិនមានឥទ្ធិលអ្វីមកក្នុងប្រទេសឡើយ ទោះបីជារៀងរាល់ឆ្នាំខិតខំធ្វើបាតុកម្មប្រឆាំង នឹងថ្ងៃ៧មករាយ៉ាងណា ក៏ថ្ងៃ៧មករាស្ថិតនៅជាអមតៈ នៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់រូបទៅហើយ ដែលបាតុកម្មពីក្រៅមិនអាចលុបបំបាត់បានជាដាច់ខាត ហើយទោះបីបុគ្គលិកវិទ្យុ របបក្រុងវ៉ាស៊ីនតោនខិតខំជួយ លាបពណ៌ និងមួលបង្កាច់យ៉ាងណាក៏ឥតប្រយោជន៍ដែរ។

ឯកឧត្តមក៏បានលើកឡើងថា “មហាបាតុកម្មនោះ មានត្រឹមមនុស្សរយនាក់ប៉ុណ្ណោះ មិនអាចយកឧត្តមភាពលើប្រជាជនកម្ពុជានៅទូទាំងប្រទេសជាង១៦លាននាក់បានឡើយ ។ ការធ្វើបាតុកម្មប្រឆាំង ទើសងាប់ខ្លួនទៅទៀត ក៏ថ្ងៃ៧មករានៅតែរស់រវើកនិងស្រស់បំព្រងជានិច្ច ក្នុងអារម្មណ៍ប្រជាជនកម្ពុជាតជំនាន់” ។

អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានលើកឡើងទៀតថា អត្ថន័យនៃការចូលមកជួយរំដោះប្រទេសកម្ពុជា ពីរបបប្រល័យ ពូជសាសន៍ កងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកជួយរំដោះអាយុជីវិតប្រជានកម្ពុជាពីគ្រោះមរណៈបានទាន់ពេលវេលា នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ។ ក្រោយថ្ងៃរំដោះ៧មករា៧៩ កងទ័ពវៀតណាម នៅបានបន្តវត្តមាននៅកម្ពុជា ដើម្បីរួមកម្លាំងទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកកាប់សម្លាប់ជាថ្មីមកលើប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា មេដឹកនាំបាតុកម្មប្រឆាំងថ្ងៃ៧មករា នៅប្រទេសអូស្ត្រាលីបានអំពាវពលរដ្ឋដើមកំណើតខ្មែរនៅអូស្ត្រាលី ចូលរួមធ្វើបាតុកម្មឲ្យច្រើនកុះករដើម្បីជាសារប្រាប់ទៅរបបក្រុងភ្នំពេញថា ពួកគេមិនត្រូវការដឹងគុណថ្ងៃ ៧ មករានោះទេ។ សហគមន៍ខ្មែរនៅអូស្ត្រាលី ចាត់ទុក ៧ មករាថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា និងបន្តរស់នៅប្រទេសកម្ពុជា ដែលមានចំណងចង់លេបត្របាក់យកប្រទេសនេះទៅគ្រប់គ្រងដូចទឹកដីកម្ពុជាខ្មែរក្រោម។នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ៕