ភ្នំពេញ៖ ក្រោយពីអតីត គណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានរំលាយចោល កាលពីចុងឆ្នាំ២០១៧ប៉ុន្តែ នៅតែមាន អតីតមន្រ្តី របស់បក្សនេះនិងសកម្មជន មួយចំនួនប្រកាសគាំទ្រលោក សម រង្ស៊ី ជាប្រធានស្ដីទីទៀតនោះ ត្រូវបានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា បើតាមច្បាប់អ្នកដែលគាំទ្រ ទណ្ឌិតសម រង្ស៊ី គឺជាអ្នកប្រឆាំង នឹងសាលដីការស្ថាពរ និងបិទផ្លូវតវ៉ា របស់តុលាការកំពូល ដែលបានរំលាយអតីតគណបក្សសង្គ្រោះជាតិ ។
អ្នកនាំពាក្យគណបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្តាញទំនាក់ទំនង តេឡេក្រាមនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះថា ” អស់លោកអ្នកគាំទ្រទណ្ឌិតសម រង្ស៊ី បើតាមច្បាប់អ្នកដែលគាំទ្រ ទណ្ឌិតសម រង្ស៊ី គឺជាអ្នកប្រឆាំង នឹងសាលដីការស្ថាពរ និងបិទផ្លូវតវ៉ា របស់តុលាការកំពូល ដែលបានរំលាយអតីត គណបក្សសង្គ្រោះជាតិ រួចទៅហើយ តើនៅមានប្រធានស្អីទៀតត្រូវគាំទ្រនោះ “។
ឯកឧត្តមបានបន្តទៀតថា ទោះបីមានប្រជាជនកម្ពុជាទូទាំងប្រទេសស្អប់ មិនចង់ឃើញមុខ ទណ្ឌិតសម រង្ស៊ី ជនក្បត់ជាតិ យ៉ាងណាក្តី ក៏ដោយសារប្រទេសកម្ពុជាបើកទូលាយ សិទ្ធិសេរីភាព ខាងនយោបាយ ទើបនៅមានប្រជាជនមួយចំនួនតូច នៅតែលង់ជឿ តាមការនិយាយប្រូ របស់ទណ្ឌិតសម រង្ស៊ី ដែរ។ ដោយមានសេរីភាពយ៉ាងនេះ ទើបពួកគេមានលទ្ធភាពជួបជុំគ្នា នៅតាមផ្ទះសម្តែងមតិ គាំទ្រទណ្ឌិតសម រង្សីរហូតអ្នកខ្លះចង់ឲ្យ ទណ្ឌិតរូបនេះ មកចូលកម្ពុជាវិញទៀតផង ។
ឯកឧត្តមបានលើកឡើងបន្ថែមទៀតថា ការដែលសមត្ថកិច្ច កោះហៅមកអប់រំ និងធ្វើកិច្ចសន្យានោះ គឺជាវិធីសន្តិវិធី សម្រាប់ប្រជាជនសាមញ្ញ ដែលមិនដឹងច្បាប់ ។ កិច្ចសន្យាមិនមែនច្បាប់ទេ តែជាការឲ្យសន្យាឈប់ប្រពឹត្ត តែបើនៅតែចចេសរឹងរូសនោះ វិធានការណ៏ច្បាប់ នឹងត្រូវយកមកអនុវត្ត ។ តិចថាសមត្ថកិច្ច មិនយោគយល់? ម៉្យាងទៀត វិទ្យុ របបចក្រពត្តិ ចេះតែផ្សាយញុះញង់ ៕