ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន ZTE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


រសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក MEI ZhongHua អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន ZTE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីគោលនយោបាយសម្រាប់គាំទ្រការវិនិយោគ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពយ៉ាងឆាប់រហ័សនៃវិស័យទូរគមនាគមន៍ និង ICT ព្រមទាំងសក្តានុពលនៃការវិនិយោគលើវិស័យនេះនៅកម្ពុជាតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កនូវបរិយាកាសអំណោយផលដល់ការវិនិយោគពីវិស័យឯកជន។

ក្នុងឱកាសនោះដែរ លោក MEI ZhongHua អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន ZTE បានគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ដឹកប្រតិភូក្រសួង ប.ទ.ចូលទស្សនកិច្ចទីតាំងរបស់ក្រុមហ៊ុន ZTE ក្នុងសន្និសីទទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩ខាងមុខនេះ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញផងដែរ៕