ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះធ្វើការពិនិត្យលើការងារប្រព័ន្ធធារាសាស្រ្តកីចក


ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៩
ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះធ្វើការពិនិត្យលើការងារដូចតទៅ ៖
១. វឌ្ឍនភាពការដ្ឋានប្រព័ន្ធធារាសាស្រ្តកីចក ជំហានទី៨ ក្នុងដំណាក់កាលទី១ ដែលកំពុងអនុវត្តយ៉ាងសកម្ម ។
២. ចុះពិនិត្យសក្តានុពលប្រព័ន្ធធារាសាស្រ្តកីចក ជំហានទី២ ត្រង់ចំណុចកូដ៩ ស្ពានថ្នា ភូមិថ្នា ឃុំថ្នាធ្នង ស្រុករមាសហែក ជាប់នឹងទន្លេក្រយ៉ូវរបស់ប្រទេសវៀតណាម ចម្ងាយ ២០០ម ពីច្រកព្រំដែនច្រកថ្នាធ្នង់ ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវយុទ្ធសាស្រ្តចាប់យកទឹកទាំងអស់ យកមកប្រើឲ្យអស់លទ្ធភាពសក្តានុពលពីស្ទឹងកំពង់ត្រាច ស្ទឹងអន្លុុងកី និងទន្លេក្រយ៉ូវ បង្កើនជាអតិបរិមានូវការប្រើប្រាស់ទឹកសម្រាប់ផលិតកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មនុស្ស និងសត្វ ។ ដោយជំហានទី២ នេះ ក្នុងប្រពន្ធ័ធារាសាស្រ្ត កីចក ត្រូវដាក់សំណង់ទំនប់បង្ហៀរអូតូនៅត្រង់ចំណុចកូដ ៩ ចំនួន ០១ កន្លែង និងដាក់ ០១ កន្លែងទៀត ត្រង់ចំណុចកូដ ៨ លើស្ទឹងកំពង់ត្រាច និង ០១ទៀត នៅត្រង់ចំណុចប្រសព្វរវាងស្ទឹងកំពង់ត្រាច ស្ទឹងអន្លុងកី និងជាប់នឹងទន្លេក្រយ៉ូវ ។ ហើយក្នុងជំហានបន្ទាប់ទៀត ត្រូវជួសជុលស្តារឡើងវិញលើប្រឡាយមេដោយបំពាក់សំណង់សិល្បការធំតូចមួយចំនួន ធ្វើការអូសទឹកទម្លាក់បន្ថែមទៀតក្នុងចម្ងាយ ១៩ គម ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត និងធ្វើឲ្យមានការកើនឡើងជាអតិបរិមា ធ្វើផ្ទៃដីដាំស្រូវជាច្រើនមុឺនហិកតា ក្នុងស្រុក ៣ បន្ថែមទៀត គឺស្រុកស្វាយទាប ស្រុកចន្រ្តា និងស្រុកកំពងរោទ៏ របស់ខេត្តស្វាយរៀង ។
៣. ចុះធ្វើការពិនិត្យលើវឌ្ឍនភាពការអនុវត្តអនុត្តរភាពប្រព័ន្ធធារាសាស្រ្តកីចក ដល់ប្រព័ន្ធប្រឡាយជើងក្អែប ដែលកិច្ចការនេះកំពុងតែអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងសកបទ ប្រព័ន្ធធារាសាស្រ្តកីចក នៅត្រង់ចំណុចជំហានទី៦ នៃដំណាក់កាលទី១ របស់គម្រោង ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអនុវត្តត្រឹមត្រូវតាមនីតិវិធីជាធរមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុុ មានវឌ្ឍនភាពល្អប្រសើរ ។

សូមបញ្ជាក់ជូនថាប្រព័ន្ធធារាសាស្រ្តកីចក ជាប្រព័ធារាសាស្រ្តខ្នាតធំរបស់ខេត្តស្វាយរៀង ពេលសាងសង់ចប់សព្វគ្រប់ ធ្វើការធារនាដល់ការស្រោចស្រពទូទាំងខេត្ត និងសម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់លើគ្រប់វិស័យទាំងអស់ ។