ក្រសួងការងារ និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្ដេជ្ញាសហការគ្នាជំរុញការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែប្រសើរឡើង


(ភ្នំពេញ)៖  ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លើការបង្កើតក្រុមការងារចម្រុះមួយ ដើម្បីរួមគ្នាអនុវត្តទៅលើអ្វីដែលជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការបង្កើននូវគុណភាពសិក្សា និងគុណវុឌ្ឍជាតិ ក៏ដូចជាធនធានមនុស្សក្នុងក្របខណ្ឌអប់រំ និងវិជ្ជាជីវៈ ហើយរួមទាំងការចូលរួមក្នុងការអភិវឌ្ឍវិស័យការងារ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ការរីកចម្រើនរបស់ប្រទេសជាតិ។

ការឯកភាពបង្កើតក្រុមការងារចម្រុះថ្មីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ជាមួយលោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា កាលពី២០ឆ្នាំមុន ឧត្តមសិក្សាស្ថិតក្នុងស្ថានភាពមួយនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែក្នុងពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានវឌ្ឍនភាពច្រើន តាំងពីការចាប់ផ្តើមបរិមាណតិចតួចរហូតដល់គុណភាព។ ដូច្នេះគ្រឹះស្ថានឯកជននេះបានចូលរួមវិភាគទានដ៏មានតម្លៃ គឺបានស្រូបទាញយុវជន យុវនារីដែលបានប្រឡងជាប់ចំណេះទូទៅចូលមកក្នុងគ្រឹះស្ថាន និងបានរួមចំណែកដោះស្រាយសង្គមដ៏ធំមួយដែលជាកិច្ចការរួម។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា កម្លាំងពលកកម្មជំនាញ និងបច្ចេកទេសភាគច្រើនចេញពីគ្រឹះស្ថានឯកជន និងបានក្លាយជាប្រភពធនធានមនុស្សដ៏សំខាន់។

ក្រោយបញ្ចប់កិច្ចជំនួបខាងលើ លោក ង៉ុយ រិទ្ធ នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា ក្រៅពីជំនួបចង់ស្វែងយល់បន្ថែមពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមក៏បានពិភាក្សាការងារមួយចំនួន ដែលចង់បានកិច្ចសហប្រតិបត្តិការរួមជាមួយក្រសួង ដូច្នេះតាមរយៈការលើកឡើងនូវយោបល់មួយចំនួន។

លោកបញ្ជាក់ទៀតថា «លោករដ្ឋមន្រ្តីបានឯកភាពឲ្យបង្កើតទៅជាក្រុមការងារចម្រុះមួយ ដែលមានលោករដ្ឋមន្រ្តីជាសហប្រធាន ជាមួយនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដើម្បីរួមគ្នាអនុវត្តទៅលើអ្វីដែលជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការបង្កើននូវគុណភាពសិក្សា និងគុណវុឌ្ឍជាតិ ក៏ដូចជាធនធានមនុស្សក្នុងក្របខណ្ឌអប់រំ និងវិជ្ជាជីវៈ ហើយរួមទាំងការចូលរួមក្នុងការអភិវឌ្ឍវិស័យការងារ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ការរីកចម្រើនរបស់ប្រទេសជាតិ ព្រោះថាកន្លងមករវាងវិស័យគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទាន់មានយន្តការជាមួយគ្នា ដើម្បីបង្កើនការឆ្លើយតបទៅលើការវិវឌ្ឍថ្មីៗបន្ថែមទៀត»

ក្រោយជំនួបនេះហើយ ភាគីសមាគម និងក្រសួងការងារនឹងបញ្ជូនសមាសភាពរៀងៗខ្លួន ដើម្បីបង្កើតក្រុមការងាររួមជំរុញឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ផ្នែកធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ៕