ឯកកត្តម អូស្មាន ហាស្សាន់៖ ទំនាក់ទំនងវប្បធម៌ ពាណិជ្ជ ឧស្សាហកម្ម និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែកើនឡើង


ឯកកត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ ថា ការទំនាក់ទំនងវប្បធម៌ ពាណិជ្ជ ឧស្សាហកម្ម និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែកើនឡើងទ្វេដង តាមរយៈវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ដែលជាវេទិកាលើក ដំបូងគេ ត្រូវបានប្រទេសជាសមាជិកផ្តល់ទំនុកចិត្តជូនកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះខណៈដែលឯកឧត្ដមទទួលបដិ សណ្ឋារកិច្ច ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តមបណ្ឌិត Jusuf Muhammad Kalla អនុប្រធានាធិបតីឥណ្ឌូណេស៊ី អញ្ជើញមកចូលរួមក្នុងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នារាត្រីថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជាកិតិ្ដយសណាស់ ដែលរាជរដ្ឋាភិបាល កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរ ខេត្តសៀមរាបពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ដែលត្រូវបានអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី២៦ប្រទេសនៅទូទាំងអាស៊ី ក្រោមការដឹកនាំដោយ​ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបោះឆ្នោតឯកភាពឱ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីសន្និសីទ អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា (ICAPP)។

សូមបញ្ជាក់ថា ការអញ្ជើញដល់របស់ឯកឧត្តមអនុប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវបាន ទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេសនិងលោកជំទាវ និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ព្រមទាំងឥស្សរជនជាច្រើនរូបទៀត៕