កិច្ចប្រជុំប្រចាំ APPF-27 បានបញ្ចប់ទៅដោយជោគជ័យ និងប្រកបដោយឧត្តមភាពរបស់រដ្ឋសភាកម្ពុជា ក្នុងការរៀបចំវេទិកាអន្តរសភាដ៏សំខាន់មួយនេះ


នៅថ្ងៃទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧ បានអញ្ជើញបិទសម័យប្រជុំពេញអង្គ នៅសណ្ឋាគារសុខាសៀមរាប។

បន្ទាប់ពីលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានសមាជិកសភាកម្ពុជា នៃអ្នកនយោបាយស្រ្តី ជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី បានឡើងធ្វើរបាយការណ៍សង្ខេប អំពីកិច្ចប្រជុំប្រចាំឆ្នាំផ្លូវការ APPF លើកទី២៧ របស់សមាជិកសភាស្រ្តី និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជា ជាប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តីសម្រេច បានធ្វើរបាយការណ៍បូកសរុបរួចមក។ ឯកឧត្តម លោកជំទាវ ជាប្រធានប្រតិភូទាំងអស់ បានអញ្ជើញចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម របស់វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប។ សូមបញ្ចក់ថាវេទិការAPPF-27 នៅកម្ពុជា បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ចំនួន ១៤ ក្នុងចំណោមសេចក្តីព្រាងសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៥។ ដោយឡែងសេចក្តីព្រាងសេចក្តីសម្រេច ចំនួន ១ នឹងយកទៅធ្វើការសិក្សាបន្ត នៅវេទិកាប្រជុំប្រចាំឆ្នាំសភា លើកទី២៨ នៅប្រទេសអូស្រ្តាលី។

សេចក្តីសម្រេចទាំងនេះ ជាមាគ៌ាតំរង់ទិសសម្រាប់ការការអនុវត្តឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួម របស់ប្រជាជាតិក្នុងតំបន់ និងពិភពលោក។